គម្ពីរសញ្ញាថ្មី

ហេព្រើរ 11:7-13 Khmer Christian Bible (KCB)

7. ដោយសារ​ជំនឿ​ ពេល​លោក​ណូអេ​បាន​ទទួល​ការ​ព្រមាន​ពី​ព្រះជាម្ចាស់​អំពី​ហេតុការណ៍​ដែល​មិន​ទាន់​ឃើញ​នៅ​ឡើយ​ គាត់​ក៏​សង់​ទូក​ធំ​មួយ​សម្រាប់​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​ចិត្ដ​កោតខ្លាច​ ហើយ​ដោយសារ​ជំនឿ​នេះ​ឯង​ គាត់​បាន​ដាក់​ទោស​ពិភពលោក​ និង​បាន​ត្រលប់​ជា​អ្នក​ស្នង​មរតក​លើ​សេចក្ដី​សុចរិត​ស្របតាម​ជំនឿ។​

8. ដោយសារ​ជំនឿ​ លោក​អ័ប្រាហាំ​បាន​ស្ដាប់​បង្គាប់​ ពេល​ព្រះ​ជាម្ចាស់​ត្រាស់ហៅ​គាត់​ឲ្យ​ចេញ​ដំណើរ​ទៅ​កន្លែង​មួយ​ ដែល​គាត់​ត្រូវ​ទទួល​ទុក​ជា​មរតក​ ហើយ​គាត់​បាន​ចេញ​ទៅ​ដោយ​មិន​ដឹង​ថា​ទៅ​កន្លែង​ណា​ផង។​

9. ដោយសារ​ជំនឿ​ លោក​អ័ប្រាហាំ​បាន​ស្នាក់​នៅ​ដូច​ជា​ជន​បរទេស​ក្នុង​ទឹកដី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​លោក​អ៊ីសាក​ និង​លោក​យ៉ាកុប​ជា​អ្នក​រួម​ស្នង​មរតក​លើ​សេចក្ដី​សន្យា​តែ​មួយ​

10. ដ្បិត​គាត់​រង់ចាំ​ទី​ក្រុង​មួយ​ដែល​មាន​គ្រឹះ​ ជា​ទី​ក្រុង​ដែល​ព្រះជាម្ចាស់​ជា​អ្នក​គូរ​ប្លង់​ ហើយ​ជា​អ្នក​សាង​សង់។​

11. ដោយសារ​ជំនឿ​ សារ៉ា​ដែល​ជា​ស្ដ្រីអា​ក៏​បាន​ទទួល​អំណាច​ឲ្យ​មាន​គភ៌​ដែរ​ ទោះបី​គាត់​ហួស​វ័យ​ក៏​ដោយ​ ព្រោះ​គាត់​បាន​រាប់​ព្រះអង្គ​ដែល​បាន​សន្យា​នោះ​ថា​ស្មោះ​ត្រង់​

12. ដូច្នេះ​ មាន​មនុស្ស​ច្រើន​ឥត​គណនា​ដូច​ផ្កាយ​នៅ​លើ​មេឃ​ និង​ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ដែល​រាប់​មិន​អស់​ បាន​កើត​ពី​មនុស្ស​តែ​ម្នាក់​ដែល​ដូច​ជា​ស្លាប់​ហើយ។​

13. អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​ទាំង​មាន​ជំនឿ​ ដោយ​មិន​បាន​ទទួល​អ្វី​ៗ​តាម​សេចក្ដី​សន្យា​ផង​ ប៉ុន្ដែ​ពួកគេ​បាន​ឃើញ​ និង​បាន​អបអរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ​ ទាំង​ប្រកាស​ថា​ខ្លួន​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​លើ​ផែនដី​នេះ។

សូមអានជំពូកពេញលេញ ហេព្រើរ 11