គម្ពីរសញ្ញាថ្មី

ហេព្រើរ 11:3-18 Khmer Christian Bible (KCB)

3. ដោយសារ​ជំនឿ​ យើង​យល់​ថា​ ពិភពលោក​នេះ​កើត​មក​ដោយសារ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដូច្នេះ​អ្វីៗ​ទាំងឡាយ​ដែល​មើល​ឃើញ​ កើត​មក​ពី​អ្វីៗ​ដែល​មើល​មិន​ឃើញ។​

4. ដោយសារ​ជំនឿ​ លោក​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះជាម្ចាស់​ ដែល​ប្រសើរ​ជាង​យញ្ញបូជា​របស់​លោក​កាអ៊ីន​ ហើយ​ដោយសារ​ជំនឿ​ ​គាត់​បាន​ទទួល​ការ​សរសើរ​ថា​ជា​មនុស្ស​សុចរិត​ ដ្បិត​ព្រះជាម្ចាស់​បាន​សរសើរ​តង្វាយ​របស់​គាត់​ ហើយ​ដោយសារ​ជំនឿ​ ទោះបី​គាត់​ស្លាប់​ហើយ​ក៏​ដោយ​ ក៏​គាត់​នៅ​តែ​និយាយ។​

5. ដោយ​សារ​ជំនឿ​ លោក​ហេណុក​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន​សួគ៌​ មិន​ឲ្យ​ជួប​សេចក្ដី​ស្លាប់​ឡើយ​ គាត់​បាន​បាត់​ខ្លួន​ ពី​ព្រោះ​ព្រះជាម្ចាស់​លើក​គាត់​ឡើង​ ប៉ុន្ដែ​មុន​ពេល​ព្រះជាម្ចាស់​លើក​គាត់​ឡើង​ គាត់​បាន​ទទួល​ការ​សរសើរ​ថា​ ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់​ណាស់​

6. ប៉ុន្ដែ​បើ​គ្មាន​ជំនឿ​ទេ​ នោះ​មិន​អាច​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​បាន​ឡើយ​ ព្រោះ​អ្នកណា​ដែល​ចូល​មក​ជិត​ព្រះជាម្ចាស់​ អ្នក​នោះ​ត្រូវ​តែ​ជឿ​ថា​ពិតជា​មាន​ព្រះ​ជាម្ចាស់​ ហើយ​ព្រះអង្គ​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។​

7. ដោយសារ​ជំនឿ​ ពេល​លោក​ណូអេ​បាន​ទទួល​ការ​ព្រមាន​ពី​ព្រះជាម្ចាស់​អំពី​ហេតុការណ៍​ដែល​មិន​ទាន់​ឃើញ​នៅ​ឡើយ​ គាត់​ក៏​សង់​ទូក​ធំ​មួយ​សម្រាប់​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​ចិត្ដ​កោតខ្លាច​ ហើយ​ដោយសារ​ជំនឿ​នេះ​ឯង​ គាត់​បាន​ដាក់​ទោស​ពិភពលោក​ និង​បាន​ត្រលប់​ជា​អ្នក​ស្នង​មរតក​លើ​សេចក្ដី​សុចរិត​ស្របតាម​ជំនឿ។​

8. ដោយសារ​ជំនឿ​ លោក​អ័ប្រាហាំ​បាន​ស្ដាប់​បង្គាប់​ ពេល​ព្រះ​ជាម្ចាស់​ត្រាស់ហៅ​គាត់​ឲ្យ​ចេញ​ដំណើរ​ទៅ​កន្លែង​មួយ​ ដែល​គាត់​ត្រូវ​ទទួល​ទុក​ជា​មរតក​ ហើយ​គាត់​បាន​ចេញ​ទៅ​ដោយ​មិន​ដឹង​ថា​ទៅ​កន្លែង​ណា​ផង។​

9. ដោយសារ​ជំនឿ​ លោក​អ័ប្រាហាំ​បាន​ស្នាក់​នៅ​ដូច​ជា​ជន​បរទេស​ក្នុង​ទឹកដី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​លោក​អ៊ីសាក​ និង​លោក​យ៉ាកុប​ជា​អ្នក​រួម​ស្នង​មរតក​លើ​សេចក្ដី​សន្យា​តែ​មួយ​

10. ដ្បិត​គាត់​រង់ចាំ​ទី​ក្រុង​មួយ​ដែល​មាន​គ្រឹះ​ ជា​ទី​ក្រុង​ដែល​ព្រះជាម្ចាស់​ជា​អ្នក​គូរ​ប្លង់​ ហើយ​ជា​អ្នក​សាង​សង់។​

11. ដោយសារ​ជំនឿ​ សារ៉ា​ដែល​ជា​ស្ដ្រីអា​ក៏​បាន​ទទួល​អំណាច​ឲ្យ​មាន​គភ៌​ដែរ​ ទោះបី​គាត់​ហួស​វ័យ​ក៏​ដោយ​ ព្រោះ​គាត់​បាន​រាប់​ព្រះអង្គ​ដែល​បាន​សន្យា​នោះ​ថា​ស្មោះ​ត្រង់​

12. ដូច្នេះ​ មាន​មនុស្ស​ច្រើន​ឥត​គណនា​ដូច​ផ្កាយ​នៅ​លើ​មេឃ​ និង​ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ដែល​រាប់​មិន​អស់​ បាន​កើត​ពី​មនុស្ស​តែ​ម្នាក់​ដែល​ដូច​ជា​ស្លាប់​ហើយ។​

13. អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​ទាំង​មាន​ជំនឿ​ ដោយ​មិន​បាន​ទទួល​អ្វី​ៗ​តាម​សេចក្ដី​សន្យា​ផង​ ប៉ុន្ដែ​ពួកគេ​បាន​ឃើញ​ និង​បាន​អបអរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ​ ទាំង​ប្រកាស​ថា​ខ្លួន​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​លើ​ផែនដី​នេះ។

14. ​អ្នក​ដែល​និយាយ​ដូច្នេះ​ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ គេ​ស្វែង​រក​ស្រុក​មួយ​

15. ហើយ​បើ​គេ​នឹក​ស្រុក​ដែល​គេ​បាន​ចាកចេញ​មក​នោះ​ គេ​មាន​ឱកាស​វិល​ត្រលប់​ទៅ​វិញ​បាន​

16. ប៉ុន្ដែ​តាម​ពិត​ ពួកគេ​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង​នោះ​ គឺ​ជា​ស្រុក​ដែល​នៅ‍​ស្ថានសួគ៌។​ ហេតុនេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​មិន​ខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ថា​ព្រះ​របស់​ពួកគេ​ឡើយ​ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ​សម្រាប់​ពួកគេ។

17. ​ដោយសារ​ជំនឿ​ នៅ​ពេល​ព្រះជាម្ចាស់​ល្បងល‍​លោក​អ័ប្រាហាំ​ គាត់បានថ្វាយ​អ៊ីសាក​ជា​យញ្ញបូជា​ គឺ​គាត់​ជា​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​អស់​ បាន​ថ្វាយ​កូន​ប្រុស​តែ​មួយ​របស់​គាត់​

18. ទោះបី​មាន​សេចក្ដី​ថ្លែង​ទុក​អំពី​កូន​នោះក៏ដោយ​ថា៖​ «ពូជពង្ស​របស់​អ្នក​នឹង​ត្រូវ​រាប់​តាមរយៈ​អ៊ីសាក»។​

សូមអានជំពូកពេញលេញ ហេព្រើរ 11