គម្ពីរសញ្ញាថ្មី

ហេព្រើរ 11:21-31 Khmer Christian Bible (KCB)

21. ដោយសារ​ជំនឿ​ នៅ​ពេល​លោក​យ៉ាកុប​រៀបនឹង​ស្លាប់​ គាត់​បាន​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប​ ហើយ​បាន​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​ច្រត់​លើ​ចុង​ឈើ​ច្រត់។​

22. ដោយសារ​ជំនឿ​ នៅ​ពេល​លោក​យ៉ូសែប​រៀប​នឹង​ស្លាប់​ គាត់​បាន​និយាយ​អំពី​ការ​ចាកចេញ​របស់​ជនជាតិ​អ៊ីស្រាអែល​ ហើយ​បានបង្គាប់​គេ​អំពី​ឆ្អឹង​របស់​គាត់។​

23. ដោយសារ​ជំនឿ​ នៅពេល​លោក​ម៉ូសេ​កើត​មក​ ឪពុក​ម្ដាយ​របស់​គាត់​បាន​លាក់​គាត់​ទុក​បី​ខែ​ ព្រោះ​ឃើញ​ទារក​នោះ​ស្អាត​ ហើយ​ពួកគេ​មិន​ខ្លាច​រាជក្រឹត្យ​របស់​ស្ដេច​ឡើយ។​

24. ដោយសារ​ជំនឿ​ នៅ​ពេល​លោក​ម៉ូសេ​ពេញវ័យ​ គាត់​មិន​ព្រម​ឲ្យ​គេ​ហៅ​ថា​ ជា​កូនរបស់​បុត្រី​ស្ដេច​ស្រុក​អេស៊ីព្ទ​ទេ​

25. គាត់​ជ្រើសរើស​យក​ការ​រងទុក្ខ​លំបាក​ជាមួយ​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​ជា​ជាង​ការ​សប្បាយ​តែ​មួយ​ភ្លែតក្នុង​បាប។

26. ​គាត់​បាន​រាប់​សេចក្ដី​ត្មះតិះដៀល​ដោយ​ព្រោះ​ព្រះគ្រិស្ដ​ថា​ជា​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ទាំងឡាយ​នៅ​ស្រុក​អេស៊ីព្ទ​ ដ្បិត​គាត់​បាន​សម្លឹង​ទៅឯ​រង្វាន់‍។​

27. ដោយសារ​ជំនឿ​ គាត់​បាន​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​មិន​ខ្លាច​ស្ដេច​ខឹង​ឡើយ​ ដ្បិត​គាត់​បាន​កាន់​ចិត្ត​មាំមួន​ប្រៀប​ដូច​ជា​បាន​ឃើញ​ព្រះជាម្ចាស់​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ។​

28. ដោយសារ​ជំនឿ​ គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលង​ និង​បាន​ប្រោះ​ឈាម​ ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញ​កូនច្បង​មក​ប៉ះ​ពាល់​ពួកគេ​ឡើយ។​

29. ដោយសារ​ជំនឿ​ ពួកគេ​បាន​ដើរ​ឆ្លង​សមុទ្រ​ក្រហម​ប្រៀប​ដូច​ជា​ដើរ​លើ​ដី​គោក​ ប៉ុន្ដែ​ពេល​ពួក​អេស៊ីព្ទ​សាកល្បង​ បែរ​ជា​ត្រូវ​ទឹក​សមុទ្រ​លេប​ត្របាក់។​

30. ដោយសារ​ជំនឿ​ កំផែង​ក្រុង​យេរីខូរ​បាន​ដួល​រលំ​បន្ទាប់​ពី​ពួក​អ៊ីស្រាអែល​បាន​ដើរ​ព័ទ្ធ​ជុំ​វិញ​ប្រាំពីរ​ថ្ងៃ​។

31. ​ដោយសារ​ជំនឿ​ នាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យា​មិន​បាន​វិនាស​ជាមួយ​ពួកអ្នក​ដែល​មិន​ស្ដាប់បង្គាប់​ទេ​ ព្រោះ​នាង​បាន​ទទួល​ពួកអ្នក​ស៊ើបការណ៍​ដោយ​មេត្រី​ភាព។

សូមអានជំពូកពេញលេញ ហេព្រើរ 11