1. រីឯជំនឿ គឺជាការជឿជាក់លើអ្វីដែលបានសង្ឃឹម និងជាការប្រាកដអំពីអ្វីដែលមើលមិនឃើញ។
2. មនុស្សជំនាន់មុនបានទទួលការសរសើរដោយសារជំនឿនេះឯង។
3. ដោយសារជំនឿ យើងយល់ថា ពិភពលោកនេះកើតមកដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះអ្វីៗទាំងឡាយដែលមើលឃើញ កើតមកពីអ្វីៗដែលមើលមិនឃើញ។
4. ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ដែលប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន ហើយដោយសារជំនឿ គាត់បានទទួលការសរសើរថាជាមនុស្សសុចរិត ដ្បិតព្រះជាម្ចាស់បានសរសើរតង្វាយរបស់គាត់ ហើយដោយសារជំនឿ ទោះបីគាត់ស្លាប់ហើយក៏ដោយ ក៏គាត់នៅតែនិយាយ។
5. ដោយសារជំនឿ លោកហេណុកត្រូវបានលើកឡើងទៅស្ថានសួគ៌ មិនឲ្យជួបសេចក្ដីស្លាប់ឡើយ គាត់បានបាត់ខ្លួន ពីព្រោះព្រះជាម្ចាស់លើកគាត់ឡើង ប៉ុន្ដែមុនពេលព្រះជាម្ចាស់លើកគាត់ឡើង គាត់បានទទួលការសរសើរថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងគាត់ណាស់
6. ប៉ុន្ដែបើគ្មានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ព្រោះអ្នកណាដែលចូលមកជិតព្រះជាម្ចាស់ អ្នកនោះត្រូវតែជឿថាពិតជាមានព្រះជាម្ចាស់ ហើយព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
7. ដោយសារជំនឿ ពេលលោកណូអេបានទទួលការព្រមានពីព្រះជាម្ចាស់អំពីហេតុការណ៍ដែលមិនទាន់ឃើញនៅឡើយ គាត់ក៏សង់ទូកធំមួយសម្រាប់សង្គ្រោះក្រុមគ្រួសាររបស់គាត់ដោយចិត្ដកោតខ្លាច ហើយដោយសារជំនឿនេះឯង គាត់បានដាក់ទោសពិភពលោក និងបានត្រលប់ជាអ្នកស្នងមរតកលើសេចក្ដីសុចរិតស្របតាមជំនឿ។
8. ដោយសារជំនឿ លោកអ័ប្រាហាំបានស្ដាប់បង្គាប់ ពេលព្រះជាម្ចាស់ត្រាស់ហៅគាត់ឲ្យចេញដំណើរទៅកន្លែងមួយ ដែលគាត់ត្រូវទទួលទុកជាមរតក ហើយគាត់បានចេញទៅដោយមិនដឹងថាទៅកន្លែងណាផង។
9. ដោយសារជំនឿ លោកអ័ប្រាហាំបានស្នាក់នៅដូចជាជនបរទេសក្នុងទឹកដីដែលព្រះជាម្ចាស់បានសន្យា គឺរស់នៅក្នុងរោងជាមួយលោកអ៊ីសាក និងលោកយ៉ាកុបជាអ្នករួមស្នងមរតកលើសេចក្ដីសន្យាតែមួយ