គម្ពីរសញ្ញាថ្មី

ហេព្រើរ 10:27-34 Khmer Christian Bible (KCB)

27. មាន​តែ​រង់​ចាំ​ដោយ​ភ័យ​រន្ធត់​ចំពោះ​ការ​ជំនុំជម្រះ​ និង​ភ្លើង​ដ៏​សន្ធោ​សន្ធៅ​ដែល​ត្រៀម​នឹង​ឆេះ​បំផ្លាញ​ពួកអ្នក​ប្រឆាំង​ប៉ុណ្ណោះ។​

28. អ្នក​ដែល​បដិសេធ​គម្ពី​វិន័យ​របស់​លោក​ម៉ូសេ​ដោយ​មាន​បន្ទាល់​របស់​សាក្សី​ពីរ​ ឬ​បី​នាក់​ អ្នក​នោះ​ត្រូវ​ស្លាប់​ដោយ​ឥត​ប្រណី​ឡើយ​

29. ចុះ​ទម្រាំ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​ចាត់​ទុក​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ញែក​ខ្លួន​គេ​ជា​បរិសុទ្ធ​ជា​របស់​មិន​ស្អាត​ ព្រមទាំង​មើលងាយ​ព្រះវិញ្ញាណ​នៃ​ព្រះគុណ​វិញ​ តើ​អ្នក​រាល់គ្នា​គិត​ថា​ គេ​សម​នឹង​ទទួល​ទោស​ធ្ងន់ធ្ងរ​យ៉ាង​ណា​ទៅ?​

30. ដ្បិត​យើង​ស្គាល់​ព្រះអង្គ​ដែល​បាន​មាន​បន្ទូល​ថា៖​ «ការ​សងសឹក​ស្រេច​លើ​យើង​ យើង​នឹង​តបស្នង​ពួកគេ​វិញ‍»។​ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​រាស្ដ្រ​របស់​ព្រះអង្គ»។​

31. ការ​ធ្លាក់​ក្នុង​ព្រះហស្ដ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ជា​ការ​គួរ​ឲ្យ​ភ័យខ្លាច​ណាស់‍។​

32. ដូច្នេះ​ ចូរ​នឹក​ចាំ​ពី​គ្រា​មុន​ គឺ​ក្រោយ​ពី​អ្នក​រាល់គ្នា​បាន​ទទួល​ពន្លឺ​ ពេល​នោះ​អ្នក​រាល់គ្នា​បាន​ស៊ូទ្រាំ​នឹង​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​រង​ទុក្ខ​លំបាក​

33. ពេល​ខ្លះ​អ្នក​រាល់គ្នា​ត្រូវ​គេ​ប្រមាថ​មើលងាយ​ ព្រមទាំង​ត្រូវ​គេ​ធ្វើបាប​នៅ​ទី​ប្រជុំជន​ ហើយ​ពេល​ខ្លះ​ទៀត​ អ្នក​រាល់គ្នា​បាន​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែល​រង​អំពើ​ដូច្នោះ​ដែរ​

34. ព្រោះ​អ្នក​រាល់គ្នា​មាន​ចិត្ដ​អាណិត​អាសូរ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ ហើយ​សុខចិត្ដ​ឲ្យ​គេ​រឹបអូស​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​អំណរ​ ដោយ​ដឹង​ថា​ខ្លួន​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​នោះ​ ហើយ​នៅ​ស្ថិតស្ថេរ​រហូត។​

សូមអានជំពូកពេញលេញ ហេព្រើរ 10