22. នោះចូរឲ្យយើងចូលទៅជិតព្រះជាម្ចាស់ដោយចិត្ដស្មោះត្រង់ និងជំនឿជឿជាក់ ទាំងមានចិត្ដដែលបានប្រោះសំអាតពីមនសិការអាក្រក់ និងរូបកាយដែលបានលាងសំអាតដោយទឹកដ៏ស្អាតផង។
23. ចូរឲ្យយើងកាន់សេចក្ដីសង្ឃឹមដែលយើងប្រកាសនោះយ៉ាងខ្ជាប់ខ្ជួនឥតរង្គើឡើយ ដ្បិតព្រះជាម្ចាស់ដែលបានសន្យា ព្រះអង្គស្មោះត្រង់
24. ហើយចូរឲ្យយើងយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ដើម្បីជួយលើកទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្ដិល្អ។
25. កុំឲ្យយើងបោះបង់ចោលការជួបជុំគ្នាដូចជាអ្នកខ្លះមានទម្លាប់នោះឡើយ ផ្ទុយទៅវិញ ចូរឲ្យយើងលើកទឹកចិត្តគ្នាកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថាថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ
26. ដ្បិតបន្ទាប់ពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ប៉ុន្ដែនៅតែប្រព្រឹត្ដបាបដោយចេតនាទៀត នោះគ្មានយញ្ញបូជាណាសម្រាប់បាបទៀតទេ
27. មានតែរង់ចាំដោយភ័យរន្ធត់ចំពោះការជំនុំជម្រះ និងភ្លើងដ៏សន្ធោសន្ធៅដែលត្រៀមនឹងឆេះបំផ្លាញពួកអ្នកប្រឆាំងប៉ុណ្ណោះ។
28. អ្នកដែលបដិសេធគម្ពីវិន័យរបស់លោកម៉ូសេដោយមានបន្ទាល់របស់សាក្សីពីរ ឬបីនាក់ អ្នកនោះត្រូវស្លាប់ដោយឥតប្រណីឡើយ
29. ចុះទម្រាំអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយចាត់ទុកឈាមនៃកិច្ចព្រមព្រៀងដែលបានញែកខ្លួនគេជាបរិសុទ្ធជារបស់មិនស្អាត ព្រមទាំងមើលងាយព្រះវិញ្ញាណនៃព្រះគុណវិញ តើអ្នករាល់គ្នាគិតថា គេសមនឹងទទួលទោសធ្ងន់ធ្ងរយ៉ាងណាទៅ?
30. ដ្បិតយើងស្គាល់ព្រះអង្គដែលបានមានបន្ទូលថា៖ «ការសងសឹកស្រេចលើយើង យើងនឹងតបស្នងពួកគេវិញ»។ ព្រះអង្គមានបន្ទូលទៀតថា៖ «ព្រះអម្ចាស់នឹងជំនុំជម្រះរាស្ដ្ររបស់ព្រះអង្គ»។
31. ការធ្លាក់ក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ជាការគួរឲ្យភ័យខ្លាចណាស់។
32. ដូច្នេះ ចូរនឹកចាំពីគ្រាមុន គឺក្រោយពីអ្នករាល់គ្នាបានទទួលពន្លឺ ពេលនោះអ្នករាល់គ្នាបានស៊ូទ្រាំនឹងការតយុទ្ធយ៉ាងខ្លាំងនៅក្នុងការរងទុក្ខលំបាក