គម្ពីរសញ្ញាថ្មី

ហេព្រើរ 10:19-29 Khmer Christian Bible (KCB)

19. ហេតុនេះ​បងប្អូន​អើយ!​ យើង​មាន​សេចក្ដី​ក្លាហាន​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ ដោយសារ​ឈាម​របស់​ព្រះយេស៊ូ​

20. និង​ដោយសារ​ផ្លូវ​ថ្មី​ ជា​ផ្លូវ​ដ៏​រស់​ ដែល​ព្រះអង្គ​បាន​រៀបចំ​ឲ្យ​យើង​ឆ្លងកាត់​វាំងនន​ដែល​ជា​រូបសាច់​របស់​ព្រះអង្គ​

21. ហើយ​ដោយសារ​យើង​មាន​សង្ឃ​មួយ​អង្គ​ដ៏​ធំ​ដែល​គ្រប់គ្រង​លើ​ដំណាក់​របស់​ព្រះជាម្ចាស់​

22. នោះ​ចូរ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្មោះ​ត្រង់​ និង​ជំនឿ​ជឿជាក់​ ទាំង​មាន​ចិត្ដ​ដែល​បាន​ប្រោះ​សំអាត​ពី​មនសិការ​អាក្រក់​ និង​រូបកាយ​ដែល​បាន​លាង​សំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។​

23. ចូរ​ឲ្យយើង​កាន់​សេចក្ដី​សង្ឃឹម​ដែល​យើង​ប្រកាស​នោះ​យ៉ាង​ខ្ជាប់ខ្ជួន​ឥត​រង្គើ​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​ដែល​បាន​សន្យា​ ព្រះអង្គ​ស្មោះត្រង់​

24. ហើយ​ចូរ​ឲ្យយើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ជួយ​លើក​ទឹក​ចិត្ដ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ និង​ការ​ប្រព្រឹត្ដិ​ល្អ។​

25. កុំ​ឲ្យ​យើង​បោះបង់​ចោល​ការ​ជួបជុំ​គ្នា​ដូច​ជា​អ្នក​ខ្លះ​មាន​ទម្លាប់​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ ដោយ​ឃើញ​ថា​ថ្ងៃ​របស់​ព្រះអម្ចាស់​មក​ជិត​ដល់​ហើយ​

26. ដ្បិត​បន្ទាប់​ពី​យើង​បាន​ទទួល​ចំណេះ​ដឹង​ខាង‍​ឯ​សេចក្ដី​ពិត​ហើយ​ ប៉ុន្ដែ​នៅ​តែ​ប្រព្រឹត្ដ​បាប​ដោយ​ចេតនា​ទៀត​ នោះ​គ្មាន​យញ្ញបូជា​ណា​សម្រាប់​បាប​ទៀត​ទេ​

27. មាន​តែ​រង់​ចាំ​ដោយ​ភ័យ​រន្ធត់​ចំពោះ​ការ​ជំនុំជម្រះ​ និង​ភ្លើង​ដ៏​សន្ធោ​សន្ធៅ​ដែល​ត្រៀម​នឹង​ឆេះ​បំផ្លាញ​ពួកអ្នក​ប្រឆាំង​ប៉ុណ្ណោះ។​

28. អ្នក​ដែល​បដិសេធ​គម្ពី​វិន័យ​របស់​លោក​ម៉ូសេ​ដោយ​មាន​បន្ទាល់​របស់​សាក្សី​ពីរ​ ឬ​បី​នាក់​ អ្នក​នោះ​ត្រូវ​ស្លាប់​ដោយ​ឥត​ប្រណី​ឡើយ​

29. ចុះ​ទម្រាំ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​ចាត់​ទុក​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ញែក​ខ្លួន​គេ​ជា​បរិសុទ្ធ​ជា​របស់​មិន​ស្អាត​ ព្រមទាំង​មើលងាយ​ព្រះវិញ្ញាណ​នៃ​ព្រះគុណ​វិញ​ តើ​អ្នក​រាល់គ្នា​គិត​ថា​ គេ​សម​នឹង​ទទួល​ទោស​ធ្ងន់ធ្ងរ​យ៉ាង​ណា​ទៅ?​

សូមអានជំពូកពេញលេញ ហេព្រើរ 10