គម្ពីរសញ្ញាថ្មី

ហេព្រើរ 10:14-24 Khmer Christian Bible (KCB)

14. ដ្បិត​ដោយសារ​តង្វាយ​តែ​មួយ​នេះ​ ព្រះអង្គ​ធ្វើ​ឲ្យ​ពួកអ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច។​

15. រីឯ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ប្រាប់​យើង​អំពី​ការ​នេះ​ដែរ​ គឺ​ក្រោយ​ពី​ព្រះអង្គ​មាន​បន្ទូល​ថា៖​

16. «ព្រះអម្ចាស់​មាន​បន្ទូល​ថា​ នេះ​ជា​កិច្ច​ព្រមព្រៀង​ដែល​យើង​នឹង​តាំង​ជាមួយ​ពួកគេ​ នៅ​ក្រោយ​ថ្ងៃ​ទាំង​នោះ​ គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​ក្នុង​ចិត្ដ​របស់​ពួកគេ​ ទាំង​ចារឹក​ក្នុង​គំនិត​របស់​ពួកគេ​ផង‍»​

17. ព្រះអង្គ​ក៏មាន​បន្ទូល​ទៀត​ថា៖​ «យើង​មិន​នឹក​ចាំ​ពី​បាប​ និង​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ​ទៀត​ឡើយ»។​

18. ទីណា​មាន​ការ​លើកលែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នេះ​ ទី​នោះ​គ្មាន​តង្វាយ​សម្រាប់​បាប​ទៀត​ឡើយ។​

19. ហេតុនេះ​បងប្អូន​អើយ!​ យើង​មាន​សេចក្ដី​ក្លាហាន​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ ដោយសារ​ឈាម​របស់​ព្រះយេស៊ូ​

20. និង​ដោយសារ​ផ្លូវ​ថ្មី​ ជា​ផ្លូវ​ដ៏​រស់​ ដែល​ព្រះអង្គ​បាន​រៀបចំ​ឲ្យ​យើង​ឆ្លងកាត់​វាំងនន​ដែល​ជា​រូបសាច់​របស់​ព្រះអង្គ​

21. ហើយ​ដោយសារ​យើង​មាន​សង្ឃ​មួយ​អង្គ​ដ៏​ធំ​ដែល​គ្រប់គ្រង​លើ​ដំណាក់​របស់​ព្រះជាម្ចាស់​

22. នោះ​ចូរ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្មោះ​ត្រង់​ និង​ជំនឿ​ជឿជាក់​ ទាំង​មាន​ចិត្ដ​ដែល​បាន​ប្រោះ​សំអាត​ពី​មនសិការ​អាក្រក់​ និង​រូបកាយ​ដែល​បាន​លាង​សំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។​

23. ចូរ​ឲ្យយើង​កាន់​សេចក្ដី​សង្ឃឹម​ដែល​យើង​ប្រកាស​នោះ​យ៉ាង​ខ្ជាប់ខ្ជួន​ឥត​រង្គើ​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​ដែល​បាន​សន្យា​ ព្រះអង្គ​ស្មោះត្រង់​

24. ហើយ​ចូរ​ឲ្យយើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ជួយ​លើក​ទឹក​ចិត្ដ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ និង​ការ​ប្រព្រឹត្ដិ​ល្អ។​

សូមអានជំពូកពេញលេញ ហេព្រើរ 10