គម្ពីរសញ្ញាថ្មី

ហេព្រើរ 1:1-5 Khmer Christian Bible (KCB)

1. កាល​ពីដើម​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​កាន់​ដូនតា​របស់​យើង​តាមរយៈ​ពួកអ្នក​នាំ​ព្រះបន្ទូល​ ជាច្រើន​លើក​ច្រើន​សា​ដោយ​ប្រើ​របៀប​ផ្សេងៗជា​ច្រើន​

2. ប៉ុន្ដែ​នៅ​គ្រា​ចុងក្រោយ​នេះ​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈព្រះរាជ​បុត្រា​ដែល​ព្រះអង្គ​បាន​តែង​តាំង​ជា​អ្នក​ស្នង​មរតក​លើ​របស់​សព្វ​សារពើ​ ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​លោក​តាមរយៈ​ព្រះរាជ​បុត្រា​ដែរ។​

3. ព្រះ​រាជបុត្រា​ជា​រស្មី​នៃ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​មាន​លក្ខណៈ​របស់​ព្រះជាម្ចាស់​ ទាំង​ទ្រទ្រង់​របស់​សព្វ​សារពើ​ដោយ​ព្រះបន្ទូល​ដ៏​មាន​អំណាច​របស់​ព្រះអង្គ‍។​ បន្ទាប់​ពី​ព្រះអង្គ​បាន​សំអាត​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ​ពី​បាប​ហើយ​ ព្រះអង្គ​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​នៅ​ស្ថាន​ដ៏​ខ្ពស់។​

4. ព្រះ​រាជបុត្រា​បាន​ទទួល​នាម​មួយ​ដ៏​ប្រសើរ​លើស​ជាង​អស់​ទាំង​នាម​របស់​ពួក​ទេវតា​ដែល​ទុក​ជា​មរតក​ជា​យ៉ាង​ណា​ ព្រះអង្គ​ក៏‍​ត្រលប់​ជា​វិសេស​លើស​ជាង​ពួក​ទេវតា​ជា​យ៉ាង​នោះ​ដែរ។​

5. ដ្បិត​តើ​ព្រះជាម្ចាស់​ធ្លាប់​មាន​បន្ទូល​ទៅ​កាន់​ទេវតា​ណា​ដែរ‍​ឬ​ទេ​ ថា៖​ «ព្រះអង្គ​ជា​បុត្រ​របស់​យើង​ យើង​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃ​នេះ»​ ឬ​ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​គេ​ ហើយ​គេ​នឹង​ធ្វើ​ជា​បុត្រ​របស់​យើង»?​

សូមអានជំពូកពេញលេញ ហេព្រើរ 1