គម្ពីរសញ្ញាថ្មី

វិវរណៈ 9:6-18 Khmer Christian Bible (KCB)

6. នៅ​គ្រា​នោះ​ មនុស្ស​នឹង​ស្វែង​រក​សេចក្ដី​ស្លាប់​ ប៉ុន្ដែ​រក​មិន​បាន​ឡើយ​ ពួកគេ​នឹង​ចង់​ស្លាប់​ណាស់​ ប៉ុន្ដែ​សេចក្ដី​ស្លាប់​នឹង​រត់​គេច​ពី​ពួកគេ។​

7. កណ្ដូប​ទាំង​នោះ​មាន​រូបរាង​ដូច​ជា​សេះ​ដែល​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ច្បាំង​ ហើយ​នៅ​ពី​លើ​ក្បាល​ពួកវា​ មាន​ដូច​ជា​មកុដ​មាស​ ហើយ​មុខ​ពួកវា​ដូច​ជា​មុខ​មនុស្ស​

8. ពួកវា​មាន​សក់​ដូច​ជា​សក់​របស់​ស្រ្ដី​ ឯ​ធ្មេញ​ពួកវា​ដូច​ជា​ធ្មេញ​របស់​សត្វ​តោ​

9. ពួកវា​មាន​អាវ​ក្រោះ​ ដូច​ជា​អាវ​ក្រោះ​ធ្វើ​ពី​ដែក​ ហើយ​ស្នូរ​ស្លាប​របស់​ពួកវា​ ដូច​ជា​ស្នូរ​របស់​រទេះ​សេះ​ចំបាំង​ជា​ច្រើន​ដែល​សម្រុក​ចូល​ទៅ​ក្នុង​ចំបាំង។​

10. ពួកវា​មាន​កន្ទុយ​ និង​ទ្រនិច​ដូច​ជា​ខ្យាដំរី​ ហើយ​កន្ទុយ​របស់​ពួកវា​មាន​អំណាច​ធ្វើ​ទុក្ខ​មនុស្ស​អស់​រយៈ​ពេល​ប្រាំខែ។​

11. ពួកវា​មាន​ទេវតា​នៃ​ទី​ជម្រៅ​ជា​ស្ដេច​លើ​ពួកវា​ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ អាបាដូន​ និង​មាន​ឈ្មោះ​ជា​ភាសា​ក្រេក​ថា​ អាប៉ូលីយ៉ូន។​

12. សេចក្ដី​វេទនា​ទីមួយ​បាន​កន្លង​ផុត​ទៅ​ មើល៍​នៅ​មាន​សេចក្ដី​វេទនា​ពីរ​ទៀត​ដែល​នឹង​មក​តាម​ក្រោយ​ហេតុការណ៍​ទាំង​នេះ។​

13. បន្ទាប់​មក​ ទេវតា​ទីប្រាំមួយ​ផ្លុំ​ត្រែ​ឡើង​ នោះ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​ទាំង​បួន​របស់​កន្លែង​ថ្វាយ​តង្វាយ​ធ្វើ​ពី​មាស​ដែល​នៅ​ពី​មុខ​ព្រះជាម្ចាស់​

14. និយាយ​ទៅ​កាន់​ទេវតា​ទីប្រាំមួយ​ដែល​មាន​ត្រែ​នោះ​ថា៖​ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​ដែល​បាន​ចង​ទុក​នៅ​ឯ​ទន្លេ​អើប្រាត​ដ៏​ធំ​នោះ​ទៅ»។​

15. នោះ​ទេវតា​ទាំង​បួន​ដែល​បាន​ត្រៀម​ទុក​សម្រាប់​វេលា​នោះ​ ថ្ងៃ​នោះ​ ខែ​នោះ​ និង​ឆ្នាំ​នោះ​ក៏​ត្រូវ​បាន​ស្រាយ​ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​

16. រីឯ​ទ័ព​សេះ​មាន​ចំនួន​ពីរ​រយ​លាន​នាក់។​ ខ្ញុំ​បាន​ឮ​ចំនួន​ទ័ព​ទាំង​នោះ​

17. ហើយ​នៅ​ក្នុង​និមិត្ដ​នោះ​ ខ្ញុំ​បាន​ឃើញ​សេះ​ និង​អ្នក​ជិះ​លើ​ពួកវា​យ៉ាង​ដូច្នេះ​ គឺ​ពួកគេ​ពាក់​អាវ​ក្រោះ​ពណ៌​ភ្លើង​ ពណ៌​ខៀវ​ងងឹត​ និង​ពណ៌​ស្ពាន់ធ័រ​ ហើយ​ក្បាល​សេះ​ទាំង​នោះ​ដូច​ជា​ក្បាល​សត្វ​តោ​ ហើយ​ក៏​មាន​ភ្លើង​ផ្សែង​ និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​របស់​ពួកវា​មក​ដែរ។​

18. មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំង​បី​នេះ​ គឺ​ដោយ​ភ្លើង​ ផ្សែង​ និង​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​របស់​ពួកវា​មក​

សូមអានជំពូកពេញលេញ វិវរណៈ 9