គម្ពីរសញ្ញាថ្មី

វិវរណៈ 9:1-9 Khmer Christian Bible (KCB)

1. ទេវតា​ទីប្រាំ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​ខ្ញុំ​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​ ហើយ​ផ្កាយ​នោះ​បាន​ទទួល​កូន​សោ​រណ្ដៅ​នៃ​ទី​ជម្រៅ។​

2. ផ្កាយ​នោះ​ក៏​បើក​រណ្ដៅ​នៃ​ទី​ជម្រៅ​ ហើយ​មាន​ផ្សែង​ហុយ​ចេញ​ពី​រណ្ដៅ​នោះ​មក​ដូច​ជា​ផ្សែង​ចេញ​ពី‍​ឡ​ភ្លើង​មួយ​យ៉ាង​ធំ​ នោះ​ដួង​អាទិត្យ​ និង​អាកាស​ក៏​ងងឹត​សូន្យ​សុង​ដោយសារ​ផ្សែង​ចេញ​ពី​រណ្ដៅ​នោះ។​

3. មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី​ ហើយ​ពួកវា​បាន​ទទួល​អំណាច​ដូច​អំណាច​របស់​ខ្យាដំរី​នៅ​លើ​ផែនដី​ដែរ។​

4. កណ្ដូប​ទាំង​នោះ​បាន​ទទួល​បង្គាប់​មិន​ឲ្យ​ធ្វើ​ទុក្ខ​ស្មៅ​នៅ​លើ​ផែនដី​ ឬ​រុក្ខជាតិ​ពណ៌​បៃតង​ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ​ ប៉ុន្ដែ​ឲ្យ​ធ្វើ​ទុក្ខ​តែ​មនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះជាម្ចាស់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។​

5. កណ្ដូប​ទាំង​នោះ​មិន​បាន​ទទួល​អំណាច​ឲ្យ​សម្លាប់​ពួកគេ​ទេ​ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួកគេ​ឈឺ​ចុកចាប់​ក្នុង​រវាង​ប្រាំខែ​ប៉ុណ្ណោះ​ ហើយ​ការ​ឈឺ​ចុកចាប់​ដែល​ពួកវា​បង្ក​ឡើង​នោះ​ ដូច​ជា​ការ​ឈឺ​ចុកចាប់​ដែល​ខ្យាដំរី​បង្ក​ឡើង​នៅ​ពេល​ដែល​វា​ទិច​មនុស្ស​ដែរ។​

6. នៅ​គ្រា​នោះ​ មនុស្ស​នឹង​ស្វែង​រក​សេចក្ដី​ស្លាប់​ ប៉ុន្ដែ​រក​មិន​បាន​ឡើយ​ ពួកគេ​នឹង​ចង់​ស្លាប់​ណាស់​ ប៉ុន្ដែ​សេចក្ដី​ស្លាប់​នឹង​រត់​គេច​ពី​ពួកគេ។​

7. កណ្ដូប​ទាំង​នោះ​មាន​រូបរាង​ដូច​ជា​សេះ​ដែល​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ច្បាំង​ ហើយ​នៅ​ពី​លើ​ក្បាល​ពួកវា​ មាន​ដូច​ជា​មកុដ​មាស​ ហើយ​មុខ​ពួកវា​ដូច​ជា​មុខ​មនុស្ស​

8. ពួកវា​មាន​សក់​ដូច​ជា​សក់​របស់​ស្រ្ដី​ ឯ​ធ្មេញ​ពួកវា​ដូច​ជា​ធ្មេញ​របស់​សត្វ​តោ​

9. ពួកវា​មាន​អាវ​ក្រោះ​ ដូច​ជា​អាវ​ក្រោះ​ធ្វើ​ពី​ដែក​ ហើយ​ស្នូរ​ស្លាប​របស់​ពួកវា​ ដូច​ជា​ស្នូរ​របស់​រទេះ​សេះ​ចំបាំង​ជា​ច្រើន​ដែល​សម្រុក​ចូល​ទៅ​ក្នុង​ចំបាំង។​

សូមអានជំពូកពេញលេញ វិវរណៈ 9