គម្ពីរសញ្ញាថ្មី

វិវរណៈ 7:7-16 Khmer Christian Bible (KCB)

7. ពី​កុលសម្ព័ន្ធ​ស៊ីម្មាន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​លេវី​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​អ៊ីសាខារ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​

8. ពី​កុលសម្ព័ន្ធ​សាប់យ៉ូឡូន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​យ៉ូសែប​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ មាន​មួយម៉ឺន​ពីរពាន់​នាក់។​

9. ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឃើញ​មនុស្ស​យ៉ាង​ច្រើន​សន្ធឹក​ដែល​គ្មាន​អ្នកណា​អាច​រាប់​បាន​ឡើយ​ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ប្រទេស​ គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ជនជាតិ​ គ្រប់​ភាសា​ ឈរ​នៅ​មុខ​បល្ល័ង្ក​ និង​នៅ​មុខ​កូនចៀម​ ទាំង​ពាក់​អាវ‍​ស​វែង​ ហើយ​កាន់​ធាងចាក​នៅ​នឹង​ដៃ​របស់​ពួកគេ​ផង​

10. ពួកគេ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «សេចក្ដី​សង្គ្រោះ​ស្រេច​លើ​ព្រះជាម្ចាស់​របស់​យើង​ដែល​គង់​លើ​បល្ល័ង្ក​ និង​ស្រេច​លើ​កូនចៀម»​

11. នោះ​ទេវតា​ទាំង​អស់​ដែល​ឈរ​ជុំវិញ​បល្ល័ង្ក​ ជុំវិញ​ពួក​ចាស់ទុំ​ និង​សត្វ​មាន​ជីវិត​ទាំង​បួន​ ក៏​ក្រាប​ផ្កាប់​មុខ​ចុះ​នៅ​ពី​មុខ​បល្ល័ង្ក​ ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់​

12. ទាំង​និយាយ​ថា៖​ «អាម៉ែន!​ សូម​ឲ្យ​ព្រះជាម្ចាស់​របស់​យើង​បាន​ប្រកប​ដោយ​ព្រះពរ​ សិរី​រុងរឿង​ ប្រាជ្ញា​ ការ​អរព្រះគុណ​ កិត្ដិយស​ អំណាច​ និង​ឥទ្ធិឫទ្ធិ​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន!»

13. មាន​ចាស់ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា៖​ «តើ​ពួកអ្នក​ដែល​ពាក់​អាវ​ស​វែង​ទាំង​នេះ​ជា​នរណា​ ហើយ​មក​ពី​ណា?»​

14. នោះ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​ដឹង​ស្រាប់​ហើយ»។​ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖​ «អ្នក​ទាំង​នោះ​ជា​ពួកអ្នក​ដែល​បាន​ឆ្លង​កាត់​សេចក្ដី​វេទនា​ជា​ខ្លាំង​ ពួកគេ​បាន​បោកគក់​អាវ​វែង​របស់​ខ្លួន​ និង​បាន​ធ្វើ​ឲ្យ​ស​ដោយសារ​ឈាម​របស់​កូនចៀម។​

15. ហេតុ​នេះ​ហើយ​បាន​ជា​ពួកគេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ ទាំង​បម្រើ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ ព្រះអង្គ​នឹង​ពន្លាត​រោង​របស់​ព្រះអង្គ​លើ​ពួក​គេ។​

16. ពួកគេ​នឹង​មិន​ឃ្លាន​ ឬ​ស្រេក​ទៀត​ឡើយ​ ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​ ឬ​ត្រូវ​កម្ដៅ​ណា​ទៀត​ដែរ​

សូមអានជំពូកពេញលេញ វិវរណៈ 7