គម្ពីរសញ្ញាថ្មី

វិវរណៈ 4:1-6 Khmer Christian Bible (KCB)

1. ក្រោយ​ការ​ទាំង​អស់​នេះ​ខ្ញុំ​បាន​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថានសួគ៌​ ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូច​ជា​សំឡេង​ត្រែ​នោះ​ ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា៖​ «ចូរ​ឡើង​មក​នេះ​ យើង​នឹង​បង្ហាញ​អ្នក​ឲ្យ​ឃើញ​ហេតុការណ៍​ ដែល​ត្រូវ​កើត​ឡើង​ក្រោយ​ការ​ទាំង​អស់​នេះ»។​

2. រំពេច​នោះ​ ខ្ញុំ​បាន​លង់​នៅ​ក្នុង​វិញ្ញាណ​ ហើយ​មើល៍​ មាន​បល្ល័ង្ក​មួយ​តាំង​នៅ​ស្ថានសួគ៌​ ក៏​មាន​ព្រះ​មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ​

3. ហើយ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល័ង្ក​នោះ​ មើល​ទៅ​ដូច​ជា​ត្បូង​មណីជោតិរស​ និង​ត្បូង​ទទឹម​ ហើយ​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​នោះ​ ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។​

4. នៅ​ជុំវិញ​បល្ល័ង្ក​នោះ​ មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត​ ហើយ​ខ្ញុំ​ឃើញ​ចាស់​ទុំ​ម្ភៃ​បួន​នាក់​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ​ ទាំង​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌​ស​ ហើយ​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​ផង។​

5. មាន​ផ្លេក​បន្ទោរ​ មាន​សំឡេង​ និង​ផ្គរ​លាន់​ចេញ​ពី​បល្ល័ង្ក​នោះ​ ហើយ​មាន​ចង្កៀង​ប្រាំពីរ​កំពុង​ឆេះ​នៅ​ពី​មុខ​បល្ល័ង្ក​នោះ​ គឺ​ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់។​

6. នៅ​ពី​មុខ​បល្ល័ង្ក​នោះ​ មាន​ដូច​ជា​សមុទ្រ​កែវ​ដែល​ដូច​ជា​កែវ​ចរណៃ​ ហើយ​នៅ​កណ្ដាល​ និង​នៅ​ជុំវិញ​បល្ល័ង្ក​នោះ​ មាន​សត្វ​មាន​ជីវិត​បួន​ដែល​មាន​ភ្នែក​ពេញ​ទាំងមុខ​ទាំងក្រោយ។​

សូមអានជំពូកពេញលេញ វិវរណៈ 4