គម្ពីរសញ្ញាថ្មី

វិវរណៈ 22:6-15 Khmer Christian Bible (KCB)

6. ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា៖​ «ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយ​គួរ​ឲ្យ​ជឿ។​ ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​ពួកអ្នក​នាំ​ព្រះបន្ទូល​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​បង្ហាញ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឲ្យ​ឃើញ​ហេតុការណ៍​ដែល​ត្រូវ​កើត​ ឡើង​ឆាប់ៗ​នេះ។​

7. មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់។​ មាន​ពរ​ហើយ​ អ្នកណា​ដែល​កាន់​តាម​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ។​

8. ខ្ញុំ​យ៉ូហាន​ ជា​អ្នក​ដែល​បាន​ឮ​ និង​បាន​ឃើញ​ហេតុការណ៍​ទាំង​នេះ​ ហើយ​ពេល​ដែល​ខ្ញុំ​បាន​ឮ​ និង​បាន​ឃើញ​ ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​ដែល​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ឃើញ​ហេតុការណ៍​ទាំង​នេះ​ ដើម្បី​ថ្វាយបង្គំ»​

9. ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ក៏​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​ជា​បងប្អូន​របស់​អ្នក​ ព្រមទាំង​រួម​ជាមួយ​អស់​អ្នក​ដែល​កាន់​តាម​ព្រះបន្ទូល​នៅ​ក្នុង​សៀវភៅ​នេះ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ»។​

10. ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖​ «ចូរ​កុំ​បំបិទ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ​ឡើយ​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។​

11. អ្នកណា​ដែល​ប្រព្រឹត្ត​ទុច្ចរិត​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​ទុច្ចរិត​ចុះ​ អ្នកណា​ដែល​ស្មោកគ្រោក​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោកគ្រោក​ចុះ​ រីឯ​អ្នកណា​ដែល​សុចរិត​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រពឹ្រត្ដ​អំពើ​សុចរិត​ចុះ​ ហើយ​អ្នកណា​ដែល​បរិសុទ្ធ​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ ចុះ»។​

12. «មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់​ ទាំង​យក​រង្វាន់​របស់​យើង​មក​ជាមួយ​ផង​ ដើម្បី​ប្រគល់​ឲ្យ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្តិ​របស់​ខ្លួន។​

13. យើង​ជា​អាលផា​ និង​ជា​អូមេកា​ គឺ​ជា​មុនគេ​ និង​ជា​ក្រោយគេ​ ហើយ​ជា​ដើម​ដំបូង​ និង​ជា​ចុង​បំផុត»។​

14. មាន​ពរ​ហើយ​អស់​អ្នក​ដែល​បោកគក់​អាវ​វែង​របស់​ខ្លួន​ ដើម្បី​ឲ្យ​គេ​មាន​សិទ្ធិ​លើ​ដើម​ជីវិត​ និង​ឲ្យ​បាន​ចូល​ក្នុង​ក្រុង​តាម​ទ្វារ។​

15. នៅ​ខាង​ក្រៅ​ក្រុង​ ជា​ពួក​ឆ្កែ​ ពួក​មន្ដអាគម​ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​ឃាតក​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួកអ្នក​ដែល​ស្រឡាញ់​សេចក្តី​ភូតភរ​ ហើយ​ប្រពឹ្រត្ដ​សេចក្ដី​ភូតភរ។​

សូមអានជំពូកពេញលេញ វិវរណៈ 22