2. មកតាមបណ្ដោយផ្លូវនៃក្រុងនោះ គឺចំកណ្ដាលផ្លូវ ហើយនៅសងខាងទន្លេមានដើមជីវិតដែលមានផ្លែដប់ពីរ គឺឲ្យផលរៀងរាល់ខែ រីឯស្លឹករបស់ដើមឈើនោះសម្រាប់ប្រោសជនជាតិទាំងឡាយឲ្យបានជា។
3. គ្រប់ទាំងបណ្ដាសាលែងមាននៅក្នុងក្រុងនោះទៀតហើយ គឺមានតែបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀមប៉ុណ្ណោះនៅក្នុងក្រុងនោះ ហើយពួកបាវបម្រើរបស់ព្រះអង្គនឹងបម្រើព្រះអង្គ។
4. ពួកគេនឹងឃើញព្រះភក្រ្ដរបស់ព្រះអង្គ ហើយព្រះនាមរបស់ព្រះអង្គនឹងនៅលើថ្ងាសរបស់ពួកគេ។
5. ក្រុងនោះលែងមានយប់ទៀតហើយ ពួកគេមិនត្រូវការពន្លឺចង្កៀង ឬពន្លឺថ្ងៃទៀតឡើយ ព្រោះព្រះអម្ចាស់ដ៏ជាព្រះនឹងបំភ្លឺពួកគេ ហើយពួកគេនឹងសោយរាជ្យអស់កល្បជានិច្ច។
6. ទេវតានោះក៏និយាយមកខ្ញុំថា៖ «ពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់ពួកអ្នកនាំព្រះបន្ទូលបានចាត់ទេវតារបស់ព្រះអង្គមកបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើត ឡើងឆាប់ៗនេះ។
7. មើល៍ យើងនឹងមកយ៉ាងឆាប់។ មានពរហើយ អ្នកណាដែលកាន់តាមព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះ។
8. ខ្ញុំយ៉ូហាន ជាអ្នកដែលបានឮ និងបានឃើញហេតុការណ៍ទាំងនេះ ហើយពេលដែលខ្ញុំបានឮ និងបានឃើញ ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទេវតាដែលបានបង្ហាញខ្ញុំឲ្យឃើញហេតុការណ៍ទាំងនេះ ដើម្បីថ្វាយបង្គំ»
9. ប៉ុន្ដែទេវតានោះនិយាយមកខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបម្រើរួមការងារជាមួយអ្នក និងរួមជាមួយពួកអ្នកនាំព្រះបន្ទូលដែលជាបងប្អូនរបស់អ្នក ព្រមទាំងរួមជាមួយអស់អ្នកដែលកាន់តាមព្រះបន្ទូលនៅក្នុងសៀវភៅនេះដែរ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ»។
10. ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «ចូរកុំបំបិទព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះឡើយ ដ្បិតពេលកំណត់ជិតមកដល់ហើយ។
11. អ្នកណាដែលប្រព្រឹត្តទុច្ចរិត ចូរឲ្យអ្នកនោះនៅតែប្រព្រឹត្តទុច្ចរិតចុះ អ្នកណាដែលស្មោកគ្រោក ចូរឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ រីឯអ្នកណាដែលសុចរិត ចូរឲ្យអ្នកនោះនៅតែប្រពឹ្រត្ដអំពើសុចរិតចុះ ហើយអ្នកណាដែលបរិសុទ្ធ ចូរឲ្យអ្នកនោះនៅតែបរិសុទ្ធ ចុះ»។