គម្ពីរសញ្ញាថ្មី

វិវរណៈ 21:2-9 Khmer Christian Bible (KCB)

2. ហើយ​ខ្ញុំ​បាន​ឃើញ​ក្រុង​បរិសុទ្ធ​ ជា​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះជាម្ចាស់​ ទាំង​បាន​រៀបចំ​រួច​ជា​ស្រេច​ដូច​កូន​ក្រមុំ​តុបតែង​ខ្លួន​ទទួល​ប្ដី។​

3. ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖​ «មើល៍​ រោង​របស់​ព្រះជាម្ចាស់​បាន​នៅ​ជាមួយ​មនុស្ស​ហើយ​ ព្រះអង្គ​នឹង​តាំង​លំនៅ​ក្នុង​ចំណោម​ពួកគេ​ ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះជាម្ចាស់​ផ្ទាល់​នឹង​នៅ​ជាមួយ​ពួកគេ​

4. ព្រះអង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​ ហើយ​នឹង​លែង​មាន​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ សម្រែក​ទ្រហោយំ​ ឬ​ការ​ឈឺចាប់​ទៀត​ហើយ​ ដ្បិត​អ្វីៗ​កាល​ពី​មុន​បាន​បាត់​អស់​ទៅ​ហើយ»។​

5. ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មាន​បន្ទូល​ថា៖​ «មើល៍​ យើង​ធ្វើ​អ្វីៗ​ទាំង​អស់​ជា​ថ្មី»។​ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ចូរ​សរសេរ​ទុក​ចុះ​ ដ្បិត​ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយ​គួរ​ឲ្យ​ជឿ»។​

6. បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖​ «ការ​បាន​សម្រេច​ហើយ​ យើង​ជា​អាលផា​ និង​ជា​អូមេកា​ ជា​ដើម​ដំបូង​ និង​ជា​ចុង​បំផុត។​ អ្នកណា​ដែល​ស្រេក​ យើង​នឹង​ឲ្យ​ផឹក​ពី​ប្រភព​ទឹក​ជីវិត​ ដោយ​ឥត​គិត​ថ្លៃ។​

7. អ្នកណា​មាន​ជ័យជម្នះ​នឹង​ទទួល​បាន​សេចក្ដី​ទាំង​នេះ​ជា​មរតក​ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​នោះ​ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​យើង។​

8. ប៉ុន្ដែ​សម្រាប់​ពួក​កំសាក​ ពួក​មិន​ជឿ​ ពួក​គួរ​ស្អប់ខ្ពើម​ ពួក​ឃាតក​ ពួក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​មន្ដអាគម​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួក​ភូតភរ​ទាំង​អស់​ ពួកគេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​ និង​ស្ពាន់ធ័រ។​ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ»​។​

9. បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ពេញ​ដោយ​គ្រោះកាច​ចុង​ក្រោយ​ទាំង​ប្រាំពីរ​ បាន​ចូល​មក​ ហើយ​និយាយ​មក​ខ្ញុំ​ថា៖​ «ចូល​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ​ដែល​ជា​ប្រពន្ធ​របស់​កូនចៀម»។​

សូមអានជំពូកពេញលេញ វិវរណៈ 21