គម្ពីរសញ្ញាថ្មី

វិវរណៈ 21:18-27 Khmer Christian Bible (KCB)

18. កំផែង​ក្រុង​ធ្វើ​ពី​ត្បូង​មណីជោតិរស​ ហើយ​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ​សុទ្ធ។​

19. គ្រឹះ​របស់​កំផែង​ក្រុង​នោះ​តុបតែង​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ គ្រឹះ​ទីមួយ​គឺ​ជា​ត្បូង​មណីជោតិរស​ ទីពីរ​គឺ​ជា​ត្បូង​កណ្ដៀង​ ទីបី​គឺ​ជា​ត្បូង​មោរ៉ា​ ទីបួន​គឺ​ជា​ត្បូង​មរកត​

20. ទីប្រាំ​គឺ​ជា​ត្បូង​សាមស៊ី​ ទីប្រាំមួយ​គឺ​ជា​ត្បូង​ពិទាយ​ ទីប្រាំពីរ​គឺ​ជា​ត្បូង​ប៊ុតលឿង​ ទីប្រាំបី​គឺ​ជា​ត្បូង​បេរីល​ ទីប្រាំបួន​គឺ​ជា​ត្បូង​ទោប៉ាត់​ ទីដប់​គឺ​ជា​ត្បូងយក់​ ទីដប់​មួយ​គឺ​ជា​ត្បូងនិល​ ទីដប់​ពីរ​គឺ​ជា​ត្បូង​ត្របែក។​

21. ទ្វារ​ទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​ដប់ពីរ​ ទ្វារ​នីមួយៗ​ធ្វើ​ពី​គជ់​មួយ​ ហើយ​ផ្លូវ​របស់​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ។​

22. ខ្ញុំ​មិន​ឃើញ​មាន​ព្រះវិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ព្រមទាំង​កូនចៀម​ គឺ​ជា​ព្រះវិហារ​របស់​ក្រុង​នោះ។​

23. ក្រុង​នោះ​មិន​ត្រូវ​ការ​ដួង​អាទិត្យ​ ឬ​លោកខែ​ដើម្បី​បំភ្លឺ​ឡើយ​ ដ្បិត​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​បាន​បំភ្លឺ​ក្រុង​នោះ​ហើយ​ រីឯ​កូនចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​នោះ​ដែរ។​

24. ជនជាតិ​ទាំងឡាយ​នឹង​ដើរ​នៅ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ​ ហើយ​ពួក​ស្ដេច​នៅ​លើ​ផែនដី​ក៏​នាំ​យក​សិរី​រុងរឿង​របស់​ខ្លួន​មក​ក្នុង​ក្រុង​នោះ​ដែរ​

25. ហើយ​ទ្វារ​ក្រុង​នោះ​មិន​ដែល​បិទ​ឡើយ​នៅ​ពេល​ថ្ងៃ​ ដ្បិត​នៅ​ទី​នោះ​គ្មាន​យប់​ទេ​

26. ពួកគេ​នឹង​នាំ​យក​សិរី​រុងរឿង​ និង​កិត្ដិយស​របស់​ជនជាតិ​ទាំងឡាយ​មក​ក្នុង​ក្រុង​នោះ​

27. ហើយ​អ្វីៗ​ដែល​មិន​ស្អាត​ ព្រមទាំង​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់ខ្ពើម​ និង​សេចក្ដី​ភូតភរ​មិន​អាច​ចូល​ក្នុង​ក្រុង​នោះ​បាន​ឡើយ​ មាន​តែ​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ​ ទើប​អាច​ចូល​បាន។​

សូមអានជំពូកពេញលេញ វិវរណៈ 21