គម្ពីរសញ្ញាថ្មី

វិវរណៈ 20:4-9 Khmer Christian Bible (KCB)

4. ខ្ញុំ​បាន​ឃើញ​បល្ល័ង្ក​ជា​ច្រើន​ ហើយ​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ​បាន​ទទួល​អំណាច​ជំនុំ​ជម្រះ។​ ខ្ញុំ​ក៏​បាន​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់ក​ដោយ​ព្រោះ​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ និង​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ គឺ​ជា​អស់​អ្នក​ដែល​មិន​បាន​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ ឬ​រូប​ចម្លាក់​របស់​វា​ ក៏​មិន​បាន​ទទួល​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬ​នៅ​លើ​ដៃ​របស់​ពួកគេ​ដែរ​ អ្នក​ទាំង​នោះ​រស់​ឡើង​វិញ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះគ្រិស្ដ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។​

5. រីឯ​មនុស្ស​ស្លាប់​ឯ​ទៀតៗ​មិន​បាន​រស់​ឡើង​វិញ​ទេ​ រហូត​ទាល់​តែ​គ្រប់​មួយពាន់​ឆ្នាំ​នោះ​សិន។​ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទីមួយ។​

6. មាន​ពរ​ហើយ​ បរិសុទ្ធ​ហើយ​ អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ​នេះ​ សេចក្ដី​ស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ​ ពួកគេ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះជាម្ចាស់​ និង​របស់​ព្រះគ្រិស្ដ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះអង្គ​រយៈ​ពេល​មួយពាន់​ឆ្នាំ។

7. លុះ​គ្រប់​មួយពាន់​ឆ្នាំ​ហើយ​ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ពី​កន្លែង​ឃុំឃាំង​

8. ហើយ​វា​នឹង​ចេញ​ទៅ​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ គឺ​ពួក​កុក​ និង​ពួក​ម៉ាកុក​ដើម្បី​ប្រមូល​ពួកគេ​មក​ច្បាំង។​ ពួកគេ​មាន​ចំនួន​ដូច​ជា​ខ្សាច់​សមុទ្រ។​

9. ពួកគេ​ក៏​ទ្បើង​ទៅ​ពាស​ពេញ​លើ​ផែនដី​ ហើយ​ទ្បោមព័ទ្ធ​ជំរុំ​របស់​ពួក​បរិសុទ្ធ​ និង​ទី​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​ ប៉ុន្ដែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ ហើយ​ឆេះ​បំផ្លាញ​ពួកគេ​អស់​ទៅ​

សូមអានជំពូកពេញលេញ វិវរណៈ 20