1. បន្ទាប់មក ខ្ញុំបានឃើញទេវតាមួយរូបចុះពីលើមេឃមក ទាំងកាន់កូនសោទីជម្រៅ និងច្រវាក់យ៉ាងធំនៅក្នុងដៃ
2. ទេវតានោះក៏ចាប់នាគនោះ គឺជាពស់ពីបុរាណដែលជាមេអារក្សផង និងជាសាតាំងផង ហើយចងវាទុករយៈពេលមួយពាន់ឆ្នាំ
3. រួចបោះវាទៅក្នុងទីជម្រៅ ចាក់សោរ ហើយបោះត្រាពីលើវា ដើម្បីកុំឲ្យវាបោកបញ្ឆោតជនជាតិទាំងឡាយទៀតរហូតទាល់តែគ្រប់មួយពាន់ឆ្នាំ ប៉ុន្ដែក្រោយពីហេតុការណ៍ទាំងនោះ វានឹងត្រូវដោះលែងមួយរយៈពេលខ្លី។
4. ខ្ញុំបានឃើញបល្ល័ង្កជាច្រើន ហើយអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះបានទទួលអំណាចជំនុំជម្រះ។ ខ្ញុំក៏បានឃើញព្រលឹងរបស់អស់អ្នកដែលត្រូវបានគេកាត់កដោយព្រោះសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ និងដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអស់អ្នកដែលមិនបានថ្វាយបង្គំសត្វសាហាវនោះ ឬរូបចម្លាក់របស់វា ក៏មិនបានទទួលសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេដែរ អ្នកទាំងនោះរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រិស្ដរយៈពេលមួយពាន់ឆ្នាំ។
5. រីឯមនុស្សស្លាប់ឯទៀតៗមិនបានរស់ឡើងវិញទេ រហូតទាល់តែគ្រប់មួយពាន់ឆ្នាំនោះសិន។ នេះជាការរស់ឡើងវិញលើកទីមួយ។
6. មានពរហើយ បរិសុទ្ធហើយ អស់អ្នកដែលមានចំណែកក្នុងការរស់ឡើងវិញលើកទីមួយនេះ សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ ពួកគេនឹងធ្វើជាសង្ឃរបស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រិស្ដ ហើយសោយរាជ្យជាមួយព្រះអង្គរយៈពេលមួយពាន់ឆ្នាំ។
7. លុះគ្រប់មួយពាន់ឆ្នាំហើយ អារក្សសាតាំងនឹងត្រូវបានដោះលែងពីកន្លែងឃុំឃាំង
8. ហើយវានឹងចេញទៅបោកបញ្ឆោតជនជាតិទាំងឡាយដែលនៅជ្រុងទាំងបួននៃផែនដី គឺពួកកុក និងពួកម៉ាកុកដើម្បីប្រមូលពួកគេមកច្បាំង។ ពួកគេមានចំនួនដូចជាខ្សាច់សមុទ្រ។
9. ពួកគេក៏ទ្បើងទៅពាសពេញលើផែនដី ហើយទ្បោមព័ទ្ធជំរុំរបស់ពួកបរិសុទ្ធ និងទីក្រុងដ៏ជាទីស្រឡាញ់ ប៉ុន្ដែមានភ្លើងធ្លាក់ពីលើមេឃមក ហើយឆេះបំផ្លាញពួកគេអស់ទៅ
10. រីឯអារក្សសាតាំងដែលបោកបញ្ឆោតពួកគេ ត្រូវបានបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវនោះ និងអ្នកនាំព្រះបន្ទូលក្លែងក្លាយក៏នៅទីនោះដែរ ហើយពួកវានឹងត្រូវទទួលទារុណកម្មទាំងយប់ទាំងថ្ងៃអស់កល្បជានិច្ច។