គម្ពីរសញ្ញាថ្មី

វិវរណៈ 2:20-29 Khmer Christian Bible (KCB)

20. ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​ គឺ​អ្នក​បាន​បណ្ដោយ​ឲ្យ​យេសិបិល​ជា​ស្រ្ដី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នកនាំ​ព្រះបន្ទូល​ បង្រៀន​ ហើយ​នាំ​ពួក​បាវបម្រើ​របស់​យើង​ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ទៀត​ផង​

21. យើង​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​ប្រែចិត្ដ​ ប៉ុន្ដែ​នាង​មិន​ចង់​ប្រែចិត្ដ​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ឡើយ។​

22. មើល៍​ យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ​ ហើយ​បោះ​ពួកអ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ជាមួយ​នាង​ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង​ លើក​លែង​តែ​ពួកគេ​ប្រែចិត្ត​ពី​ការ​ប្រព្រឹត្ដិ​របស់​នាង។​

23. យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង​ រីឯ​ក្រុមជំនុំ​ទាំង​អស់​នឹង​ដឹង​ថា​ យើង​នេះ​ហើយ​ដែល​ឈ្វេង​យល់​ពី​ចិត្ដ​គំនិត​ ហើយ​យើង​នឹង​សង​អ្នក​រាល់គ្នា​តាម​ការ​ប្រព្រឹត្ដិ​រៀងៗ​ខ្លួន​

24. ប៉ុន្ដែ​អ្នក​ផ្សេង​ទៀត​ក្នុង​ចំណោម​អ្នក​រាល់គ្នា​នៅ​ក្រុង​ធាទេរ៉ា​ដែល​មិន​បាន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ​ គឺ​ដែល​មិន​បាន​ស្គាល់​សេចក្ដី​ជ្រៅជ្រះ​របស់​អារក្ស​សាតាំង​ដូច​ដែល​គេ​ហៅ​ យើង​ប្រាប់​អ្នក​រាល់គ្នា​ថា​ យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់គ្នា​ទេ​

25. ប៉ុន្ដែ​ចូរ​កាន់​ខ្ជាប់​សេចក្ដី​ដែល​អ្នក​រាល់គ្នា​មាន​រហូត​ដល់​យើង​មក​ចុះ។​

26. អ្នកណា​មាន​ជ័យជម្នះ​ ហើយ​បំពេញ​កិច្ចការ​របស់​យើង​រហូត​ដល់​ទីបញ្ចប់​ យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​សិទ្ធិ​អំណាច​លើ​ជនជាតិ​ទាំងឡាយ​

27. អ្នក​នោះ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក​ និង​កម្ទេច​ពួកគេ​ដូច​ជា​ភាជនៈ​ធ្វើ​ពី​ដី​ឥដ្ឋ​

28. គឺ​ដូច​ដែល​យើង​បាន​ទទួល​សិទ្ធិ​អំណាច​ពី​ព្រះ​វរ​បិតា​របស់​យើង​ដែរ​ ហើយ​យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ។​

29. អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ»។​

សូមអានជំពូកពេញលេញ វិវរណៈ 2