13. យើងស្គាល់កន្លែងដែលអ្នករស់នៅឋហើយ គឺឋជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង ប៉ុន្ដែអ្នកនៅតែស្មោះស្ម័គ្រនឹងឈ្មោះរបស់យើង ហើយមិនបានលះបង់ចោលជំនឿលើយើងឡើយ ទោះបីជាក្នុងពេលដែលអាន់ទីប៉ាស ជាសាក្សីដ៏ស្មោះត្រង់របស់យើងត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ
14. ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីខ្លះ ពីព្រោះក្នុងចំណោមអ្នក មានអ្នកដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាមដែលបានបង្រៀនបាឡាកឲ្យដាក់អន្ទាក់នៅពីមុខពួកកូនចៅអ៊ីស្រាអែល ដើម្បីនាំពួកគេឲ្យបរិភោគសំណែនដល់រូបព្រះ ហើយឲ្យប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ
15. ហើយក្នុងចំណោមអ្នក ក៏មានអ្នកដែលកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសយ៉ាងដូច្នោះដែរ។
16. ដូច្នេះ ចូរប្រែចិត្ដ បើមិនដូច្នោះទេ យើងនឹងមកឯអ្នកយ៉ាងឆាប់ ហើយច្បាំងនឹងពួកគេដោយដាវដែលចេញពីមាត់របស់យើង។
17. អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យនំម៉ាណាដែលបានលាក់ទុកដល់អ្នកនោះ ហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះ នៅលើក្រួសនោះមានសរសេរឈ្មោះថ្មីមួយ ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលបានទទួលប៉ុណ្ណោះ»។
18. «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះនេត្រដូចជាអណ្ដាតភ្លើង និងបាទាដូចជាលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះថា
19. យើងស្គាល់ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ ការបម្រើ និងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា ការប្រព្រឹត្ដិរបស់អ្នកនៅគ្រាចុងក្រោយនេះប្រសើរជាងមុនទៅទៀត
20. ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះ គឺអ្នកបានបណ្ដោយឲ្យយេសិបិលជាស្រ្ដីដែលហៅខ្លួនឯងថាជាអ្នកនាំព្រះបន្ទូល បង្រៀន ហើយនាំពួកបាវបម្រើរបស់យើងឲ្យវង្វេងទៅប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងបរិភោគសំណែនដល់រូបព្រះទៀតផង
21. យើងបានផ្ដល់ឱកាសឲ្យនាងប្រែចិត្ដ ប៉ុន្ដែនាងមិនចង់ប្រែចិត្ដពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។
22. មើល៍ យើងនឹងបោះនាងទៅលើគ្រែ ហើយបោះពួកអ្នកដែលប្រព្រឹត្ដអំពើផិតក្បត់ជាមួយនាងទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកលែងតែពួកគេប្រែចិត្តពីការប្រព្រឹត្ដិរបស់នាង។
23. យើងនឹងសម្លាប់កូនចៅរបស់នាង រីឯក្រុមជំនុំទាំងអស់នឹងដឹងថា យើងនេះហើយដែលឈ្វេងយល់ពីចិត្ដគំនិត ហើយយើងនឹងសងអ្នករាល់គ្នាតាមការប្រព្រឹត្ដិរៀងៗខ្លួន
24. ប៉ុន្ដែអ្នកផ្សេងទៀតក្នុងចំណោមអ្នករាល់គ្នានៅក្រុងធាទេរ៉ាដែលមិនបានកាន់តាមសេចក្ដីបង្រៀននោះ គឺដែលមិនបានស្គាល់សេចក្ដីជ្រៅជ្រះរបស់អារក្សសាតាំងដូចដែលគេហៅ យើងប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នាទេ
25. ប៉ុន្ដែចូរកាន់ខ្ជាប់សេចក្ដីដែលអ្នករាល់គ្នាមានរហូតដល់យើងមកចុះ។
26. អ្នកណាមានជ័យជម្នះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់ យើងនឹងឲ្យអ្នកនោះមានសិទ្ធិអំណាចលើជនជាតិទាំងឡាយ
27. អ្នកនោះនឹងគ្រប់គ្រងពួកគេដោយដំបងដែក និងកម្ទេចពួកគេដូចជាភាជនៈធ្វើពីដីឥដ្ឋ
28. គឺដូចដែលយើងបានទទួលសិទ្ធិអំណាចពីព្រះវរបិតារបស់យើងដែរ ហើយយើងនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។
29. អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។