1. «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងដើរនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ មានបន្ទូលដូច្នេះថា
2. យើងស្គាល់ការប្រព្រឹត្ដិ ការនឿយហត់ ព្រមទាំងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងពួកមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកអ្នកដែលហៅខ្លួនឯងថាជាសាវក ប៉ុន្ដែពួកគេមិនមែនជាសាវកទេ គឺអ្នកបានឃើញថា ពួកគេជាអ្នកភូតភរវិញ។
3. អ្នកបានអត់ធ្មត់ ហើយស៊ូទ្រាំដោយព្រោះឈ្មោះរបស់យើង ឥតនឿយណាយឡើយ
4. ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះ គឺអ្នកបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមរបស់អ្នកហើយ។
5. ដូច្នេះចូរនឹកចាំពីកន្លែងដែលអ្នកបានធ្លាក់ចុះ រួចប្រែចិត្ដ ហើយប្រព្រឹត្ដអំពើដែលអ្នកបានប្រព្រឹត្ដកាលពីដើមនោះវិញ បើមិនដូច្នេះទេ យើងនឹងមកឯអ្នក ហើយដកយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា លើកលែងតែអ្នកប្រែចិត្ដ។
6. ប៉ុន្ដែអ្នកមានសេចក្ដីនេះ គឺអ្នកស្អប់ការប្រព្រឹត្ដិរបស់ពួកនីកូឡាសដែលយើងក៏ស្អប់ដែរ។