គម្ពីរសញ្ញាថ្មី

វិវរណៈ 19:1-7 Khmer Christian Bible (KCB)

1. ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឮ​ដូច​ជា​សំឡេង​យ៉ាង​ខ្លាំង​របស់​មនុស្ស​ជា​ច្រើន​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖​ «ហាលេលូយ៉ា!​ សេចក្ដី​សង្គ្រោះ​ សិរី​រុងរឿង​ និង​អំណាច​ជា​របស់​ព្រះជាម្ចាស់​នៃ​យើង​

2. ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះអង្គ​ពិត​ត្រង់​ ហើយ​សុចរិត​ ពី​ព្រោះ​ព្រះអង្គ​បាន​ជំនុំ​ជម្រះ​ស្រ្ដី​ពេស្យា​ដ៏​ល្បី​អសោច​ដែល​បាន​បំផ្លាញ​ផែនដី​ដោយសារ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ ហើយ​ព្រះអង្គ​ក៏​បាន​សងសឹក​ឲ្យ​ឈាម​របស់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ដែល​បាន​ស្លាប់​ដោយសារ​ដៃ​របស់​នាង​ដែរ»។​

3. ពួកគេ​ក៏​បន្លឺ​ឡើង​ម្ដង​ទៀត​ថា៖​ «ហាលេលូយ៉ា!​ ផ្សែង​ហុយ​ឡើង​ពី​នាង​អស់កល្ប​ជានិច្ច»​

4. នោះ​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ និង​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ក្រាប​ចុះ​ ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដែល​គង់​លើ​បល្ល័ង្ក​ ទាំង​និយាយ​ថា៖​ «អាម៉ែន​ ហាលេលូយ៉ា!»​

5. ហើយ​មាន​សំឡេង​មួយ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖​ «ឱ​ អស់​អ្នក​ដែល​ជា​បាវបម្រើ​របស់​ព្រះអង្គ​ និង​ពួកអ្នក​ដែល​កោតខ្លាច​ព្រះអង្គ​ទាំង​តូច​ ទាំង​ធំ​អើយ!​ ចូរ​សរសើរ​ព្រះជាម្ចាស់​នៃ​យើង​ចុះ!»​

6. ខ្ញុំ​បាន​ឮ​សំឡេង​ដូច​ជា​សំឡេង​របស់​មនុស្ស​ជា​ច្រើន​ ហើយ​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ និង​ដូច​ជា​សំឡេង​ផ្គរលាន់​យ៉ាង​ខ្លាំង​ បន្លឺ​ឡើង​ថា៖​ «ហាលេលូយ៉ា!​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​បាន​សោយរាជ្យ​ហើយ​

7. ចូរ​យើង​ត្រេកអរ​ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ​ រួច​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអង្គ​ ដ្បិត​ដល់​ពេល​រៀប​មង្គលការ​កូនចៀម​ហើយ​ រីឯ​កូន​ក្រមុំ​របស់​ព្រះអង្គ​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​

សូមអានជំពូកពេញលេញ វិវរណៈ 19