គម្ពីរសញ្ញាថ្មី

វិវរណៈ 18:21-24 Khmer Christian Bible (KCB)

21. ពេល​នោះ​ មាន​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ជា​ថ្ម​ត្បាល់កិន​មួយ​យ៉ាង​ធំ​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ ទាំង​និយាយ​ថា៖​ «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ នឹង​ត្រូវ​បាន​ទម្លាក់​យ៉ាង​ខ្លាំង​ដូច្នេះ​ដែរ​ ក៏​គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។​

22. សំឡេង​របស់​ពួកអ្នក​លេង​ពិណ​ ពួកអ្នក​លេង​ភ្លេង​ ពួកអ្នក​ផ្លុំ​ខ្លុយ​ និង​ពួកអ្នក​ផ្លុំ​ត្រែ​ លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត​ហើយ​ រួច​ក៏​លែង​ឃើញ​មាន​ពួក​ជាង​គ្រប់​ប្រភេទ​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ទៀត​ដែរ​ រីឯ​សូរ​ត្បាល់កិន​ នោះ​ក៏​លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត។​

23. ពន្លឺ​ចង្កៀង​នឹង​លែង​ភ្លឺ​នៅ​ក្នុង​អ្នក​ទៀត​ ហើយ​សំឡេង​កូន​កំលោះ​ និង​កូន​ក្រមុំ​នឹង​លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត​ដែរ​ ដ្បិត​ពួក​ឈ្មួញ​របស់​អ្នក​ គឺ​ជា​អ្នក​ធំ​នៅ​លើ​ផែនដី​ ហើយ​ជនជាតិ​ទាំង​អស់​បាន​វង្វេង​ដោយសារ​មន្ដអាគម​របស់​អ្នក​

24. ហើយ​នៅ​ក្នុង​អ្នក​ក៏​ឃើញ​មាន​ឈាម​របស់​ពួកអ្នក​នាំ​ព្រះបន្ទូល​ ឈាម​របស់​ពួក​បរិសុទ្ធ​ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​លើ​ផែនដី»។​

សូមអានជំពូកពេញលេញ វិវរណៈ 18