គម្ពីរសញ្ញាថ្មី

វិវរណៈ 18:16-24 Khmer Christian Bible (KCB)

16. ហើយ​និយាយ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ទី​ក្រុង​ដ៏​ធំ​អើយ!​ អ្នក​បាន​ស្លៀក​សម្លៀកបំពាក់​ក្រណាត់​ទេស​ឯកប្រណិត​ ក្រណាត់​ពណ៌​ស្វាយ​ ក្រណាត់​ពណ៌​ក្រហមទុំ​ ទាំង​តុបតែង​ដោយ​មាស​ ត្បូង​ដ៏​មាន​តម្លៃ​ និង​គជ់​

17. ដ្បិត​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​ ទ្រព្យ​សម្បត្ដិ​ដ៏​ច្រើន​ដល់​ម៉្លេះ​បាន​វិនាស​អស់»។​ រីឯ​អស់​ទាំង​អ្នក​បើក​នាវា​ ព្រមទាំង​អ្នក​ធ្វើ​ដំណើរ​តាម​នាវា​ កម្មករ​នាវា​ និង​ពួក​អ្នក​ធ្វើ​ជំនួញ​តាម​ផ្លូវ​ទឹក​ទាំងឡាយ​បាន​ឈរ​ពី​ចម្ងាយ​

18. ហើយ​ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «តើ​មាន​ក្រុង​ណា​ដូច​ជា​ក្រុង​ដ៏​ធំ​នេះ?»​

19. ពួកគេ​ក៏​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន​ ហើយ​ស្រែក​ឡើង​ ទាំង​ទ្រហោយំ​ និង​កាន់​ទុក្ខ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ទី​ក្រុង​ដ៏​ធំ​ដែល​អ្នក​មាន​នាវា​ទាំង​អស់​នៅ​តាម​សមុទ្រ​ត្រលប់​ជា​មាន​បាន​ដោយសារ​ទ្រព្យ​សម្បត្ដិ​របស់​ក្រុង​នោះ​ ដ្បិត​ក្រុង​នោះ​បាន​វិនាស​អស់​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង!

20. ឱ​ស្ថានសួគ៌​ និង​ពួក​បរិសុទ្ធ​ ពួក​សាវក​ ព្រមទាំង​ពួកអ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​អើយ!​ ចូរ​អរ​សប្បាយ​ដោយសារ​ក្រុង​នោះ​ចុះ​ ដ្បិត​ព្រះជាម្ចាស់​បាន​ជំនុំ​ជម្រះ​ក្រុង​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ»។​

21. ពេល​នោះ​ មាន​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ជា​ថ្ម​ត្បាល់កិន​មួយ​យ៉ាង​ធំ​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ ទាំង​និយាយ​ថា៖​ «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ នឹង​ត្រូវ​បាន​ទម្លាក់​យ៉ាង​ខ្លាំង​ដូច្នេះ​ដែរ​ ក៏​គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។​

22. សំឡេង​របស់​ពួកអ្នក​លេង​ពិណ​ ពួកអ្នក​លេង​ភ្លេង​ ពួកអ្នក​ផ្លុំ​ខ្លុយ​ និង​ពួកអ្នក​ផ្លុំ​ត្រែ​ លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត​ហើយ​ រួច​ក៏​លែង​ឃើញ​មាន​ពួក​ជាង​គ្រប់​ប្រភេទ​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ទៀត​ដែរ​ រីឯ​សូរ​ត្បាល់កិន​ នោះ​ក៏​លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត។​

23. ពន្លឺ​ចង្កៀង​នឹង​លែង​ភ្លឺ​នៅ​ក្នុង​អ្នក​ទៀត​ ហើយ​សំឡេង​កូន​កំលោះ​ និង​កូន​ក្រមុំ​នឹង​លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត​ដែរ​ ដ្បិត​ពួក​ឈ្មួញ​របស់​អ្នក​ គឺ​ជា​អ្នក​ធំ​នៅ​លើ​ផែនដី​ ហើយ​ជនជាតិ​ទាំង​អស់​បាន​វង្វេង​ដោយសារ​មន្ដអាគម​របស់​អ្នក​

24. ហើយ​នៅ​ក្នុង​អ្នក​ក៏​ឃើញ​មាន​ឈាម​របស់​ពួកអ្នក​នាំ​ព្រះបន្ទូល​ ឈាម​របស់​ពួក​បរិសុទ្ធ​ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​លើ​ផែនដី»។​

សូមអានជំពូកពេញលេញ វិវរណៈ 18