គម្ពីរសញ្ញាថ្មី

វិវរណៈ 18:10-21 Khmer Christian Bible (KCB)

10. ពួកគេ​ឈរ​ពី​ចម្ងាយ​ ដោយ​ព្រោះ​ខ្លាច​ការ​ឈឺចាប់​របស់​ក្រុង​នោះ​ ហើយ​និយាយ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ និង​ជា​ក្រុង​ដ៏​ខ្លាំង​ពូកែ​អើយ!​ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​អ្នក​បាន​សម្រេច​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង»។​

11. រីឯ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ក៏​ទ្រហោយំ​ ហើយ​កាន់​ទុក្ខ​នឹង​ក្រុង​នោះ​ ព្រោះ​លែង​មាន​នរណា​ទិញ​ទំនិញ​របស់​ពួកគេ​ទៀត​ហើយ​

12. ទំនិញ​ទាំង​នោះ​មាន​ មាស​ ប្រាក់​ ត្បូង​ដ៏​មាន​តម្លៃ​ គជ់​ ក្រណាត់​ទេសឯក​ប្រណិត​ ក្រណាត់​ពណ៌​ស្វាយ​ ក្រណាត់​សូត្រ​ ក្រណាត់​ពណ៌​ក្រហមទុំ​ ឈើ​ក្រអូប​គ្រប់​ប្រភេទ​ គ្រឿង​ភ្លុក​គ្រប់​ប្រភេទ​ គ្រឿង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ពី​ឈើ​ ពី​លង្ហិន​ ពី​ដែក​ និង​ពី​ថ្ម​កែវ​

13. ហើយ​មាន​សំបក​ដើម​សម្បុរល្វែង​ គ្រឿង​ទេស​ គ្រឿង​ក្រអូប​ ប្រេង​ក្រអូប​ កំញ៉ាន​ ស្រា​ទំពាំងបាយជូរ​ ប្រេង​អូលីវ​ ម្សៅម៉ដ្ដ​ ស្រូវ​សាលី​ គោ​ក្របី​ ចៀម​ សេះ​ រទេះ​ បាវបម្រើ​ និង​ជីវិត​មនុស្ស​ផង។​

14. ភោគផល​ដែល​ចិត្ដ​របស់​អ្នក​ប្រាថ្នា​ចង់​បាន​នោះ​ បាន​ចេញ​ឆ្ងាយ​ពី​អ្នក​ទៅ​ ហើយ​អស់​ទាំង​របស់​ប្រណិតៗ​ និង​របស់​ឆើតឆាយ​ទាំងឡាយ​ក៏​បាត់បង់​ពី​អ្នក​ទៅ​ដែរ​ រួច​របស់​ទាំង​នោះ​ក៏​លែង​ឃើញ​មាន​ទៀត​ហើយ។​

15. ពួក​ឈ្មួញ​ជួញ​របស់​ទាំង​នេះ​ដែល​ត្រលប់​ជា​មាន​បាន​ដោយសារ​ក្រុង​នោះ​ នឹង​ឈរ​ពី​ចម្ងាយ​ដោយ​ព្រោះ​ខ្លាច​ការ​ឈឺចាប់​របស់​ក្រុង​នោះ​ ទាំង​ទ្រហោយំ​ និង​កាន់​ទុក្ខ​

16. ហើយ​និយាយ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ទី​ក្រុង​ដ៏​ធំ​អើយ!​ អ្នក​បាន​ស្លៀក​សម្លៀកបំពាក់​ក្រណាត់​ទេស​ឯកប្រណិត​ ក្រណាត់​ពណ៌​ស្វាយ​ ក្រណាត់​ពណ៌​ក្រហមទុំ​ ទាំង​តុបតែង​ដោយ​មាស​ ត្បូង​ដ៏​មាន​តម្លៃ​ និង​គជ់​

17. ដ្បិត​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​ ទ្រព្យ​សម្បត្ដិ​ដ៏​ច្រើន​ដល់​ម៉្លេះ​បាន​វិនាស​អស់»។​ រីឯ​អស់​ទាំង​អ្នក​បើក​នាវា​ ព្រមទាំង​អ្នក​ធ្វើ​ដំណើរ​តាម​នាវា​ កម្មករ​នាវា​ និង​ពួក​អ្នក​ធ្វើ​ជំនួញ​តាម​ផ្លូវ​ទឹក​ទាំងឡាយ​បាន​ឈរ​ពី​ចម្ងាយ​

18. ហើយ​ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «តើ​មាន​ក្រុង​ណា​ដូច​ជា​ក្រុង​ដ៏​ធំ​នេះ?»​

19. ពួកគេ​ក៏​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន​ ហើយ​ស្រែក​ឡើង​ ទាំង​ទ្រហោយំ​ និង​កាន់​ទុក្ខ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ទី​ក្រុង​ដ៏​ធំ​ដែល​អ្នក​មាន​នាវា​ទាំង​អស់​នៅ​តាម​សមុទ្រ​ត្រលប់​ជា​មាន​បាន​ដោយសារ​ទ្រព្យ​សម្បត្ដិ​របស់​ក្រុង​នោះ​ ដ្បិត​ក្រុង​នោះ​បាន​វិនាស​អស់​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង!

20. ឱ​ស្ថានសួគ៌​ និង​ពួក​បរិសុទ្ធ​ ពួក​សាវក​ ព្រមទាំង​ពួកអ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​អើយ!​ ចូរ​អរ​សប្បាយ​ដោយសារ​ក្រុង​នោះ​ចុះ​ ដ្បិត​ព្រះជាម្ចាស់​បាន​ជំនុំ​ជម្រះ​ក្រុង​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ»។​

21. ពេល​នោះ​ មាន​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ជា​ថ្ម​ត្បាល់កិន​មួយ​យ៉ាង​ធំ​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ ទាំង​និយាយ​ថា៖​ «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ នឹង​ត្រូវ​បាន​ទម្លាក់​យ៉ាង​ខ្លាំង​ដូច្នេះ​ដែរ​ ក៏​គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។​

សូមអានជំពូកពេញលេញ វិវរណៈ 18