គម្ពីរសញ្ញាថ្មី

វិវរណៈ 17:9-17 Khmer Christian Bible (KCB)

9. នេះ​ហើយ​ជា​គំនិត​ដែល​មាន​ប្រាជ្ញា​ គឺ​ក្បាល​ទាំង​ប្រាំពីរ​ ជា​ភ្នំ​ប្រាំពីរ​ដែល​ស្រ្ដី​នោះ​អង្គុយ​លើ​ និង​ជា​ស្ដេច​ប្រាំពីរ​អង្គ​ដែរ​

10. ស្ដេច​ប្រាំ​អង្គ​ត្រូវ​បាន​ផ្ដួល​រំលំ​ហើយ​ មួយ​អង្គ​នៅ​សព្វ​ថ្ងៃ​នេះ​ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ​ ប៉ុន្ដែ​ពេល​ស្ដេច​នោះ​មក​ដល់​ ស្ដេច​នោះត្រូវ​នៅ​មួយ​ភ្លែត​ប៉ុណ្ណោះ​

11. រីឯ​សត្វ​សាហាវ​ដែល​កាល​ពី​ដើម​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​នោះ​ វា​ជា​ស្ដេច​ទីប្រាំបី​ ហើយ​វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំពីរ​អង្គ​នោះ​ដែរ​ រួច​វា​ក៏​វិនាស​បាត់​ទៅ។​

12. ស្នែង​ដប់​ដែល​អ្នក​ឃើញ​នោះ​ ជា​ស្ដេច​ដប់​អង្គ​ដែល​មិន​ទាន់​ទទួល​បាន​រាជ្យ​នៅ​ឡើយ​ ប៉ុន្ដែ​ពួកគេ​នឹង​ទទួល​បាន​សិទ្ធិ​អំណាច​ជា​ស្ដេច​រយៈ​ពេល​មួយ​ម៉ោង​ជាមួយ​សត្វ​សាហាវ​នោះ​

13. ស្ដេច​ទាំង​នោះ​មាន​គំនិត​តែ​មួយ​ ហើយ​ពួកគេ​ប្រគល់​អំណាច​ និង​សិទ្ធិ​អំណាច​របស់​ខ្លួន​ដល់​សត្វ​សាហាវ​នោះ​

14. ស្ដេច​ទាំង​នោះ​នឹង​ច្បាំង​ជាមួយ​កូនចៀម​ ប៉ុន្ដែ​កូនចៀម​នឹង​ឈ្នះ​ពួកគេ​ ពី​ព្រោះ​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​ និង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ហើយ​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ គឺ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ បាន​ជ្រើសរើស​ និង​ជា​អ្នក​ស្មោះត្រង់»។​

15. ទេវតា​នោះ​ក៏​និយាយ​មក​កាន់​ខ្ញុំ​ទៀត​ថា៖​ «ទឹក​ដែល​អ្នក​បាន​ឃើញ​ ហើយ​ជា​កន្លែង​ដែល​ស្រ្ដី​ពេស្យា​បាន​អង្គុយ​នោះ​ គឺ​ជា​ប្រជាជន​ បណ្ដាជន​ ជនជាតិ​ និង​ភាសា​ទាំងឡាយ។​

16. រី​ឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ​ និង​សត្វ​សាហាវ​នោះ​ ពួកគេ​នឹង​ស្អប់​ស្រ្ដី​ពេស្យា​នោះ​ ហើយ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច​ និង​នៅ​អាក្រាត​ ពួកគេ​នឹង​ស៊ី​សាច់​នាង​ ហើយ​ដុត​នាង​ដោយ​ភ្លើង​ទៀត​ផង​

17. ដ្បិត​ព្រះជាម្ចាស់​បាន​ដាក់​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ដ​ពួកគេ​ ដើម្បី​សម្រេច​បំណង​របស់​ព្រះអង្គ​ដោយ​ឲ្យ​ពួកគេ​មាន​គំនិត​តែ​មួយ​ ហើយ​ប្រគល់​រាជ្យ​របស់​ពួកគេ​ដល់​សត្វ​សាហាវ​នោះ​រហូត​ដល់ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​សម្រេច។​

សូមអានជំពូកពេញលេញ វិវរណៈ 17