6. ខ្ញុំឃើញស្រ្ដីនោះស្រវឹងឈាមរបស់ពួកបរិសុទ្ធ និងឈាមរបស់ពួកសាក្សីរបស់ព្រះយេស៊ូ។ ពេលខ្ញុំឃើញនាង ខ្ញុំងឿងឆ្ងល់ជាខ្លាំង។
7. ទេវតានោះនិយាយមកខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់អ្នកអំពីអាថ៌កំបាំងរបស់ស្រ្តីនោះ និងសត្វសាហាវមានក្បាលប្រាំពីរ និងស្នែងដប់ដែលនាងជិះនោះ។
8. សត្វសាហាវដែលអ្នកបានឃើញនោះ កាលពីដើមវាមាន ប៉ុន្ដែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីទីជម្រៅមក រួចទៅរកសេចក្ដីវិនាស។ អស់អ្នកដែលរស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីដើមកំណើតពិភពលោកមកនឹងងឿងឆ្ងល់ ពេលពួកគេឃើញសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាន ហើយនឹងត្រូវមកនោះ។
9. នេះហើយជាគំនិតដែលមានប្រាជ្ញា គឺក្បាលទាំងប្រាំពីរ ជាភ្នំប្រាំពីរដែលស្រ្ដីនោះអង្គុយលើ និងជាស្ដេចប្រាំពីរអង្គដែរ
10. ស្ដេចប្រាំអង្គត្រូវបានផ្ដួលរំលំហើយ មួយអង្គនៅសព្វថ្ងៃនេះ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ ប៉ុន្ដែពេលស្ដេចនោះមកដល់ ស្ដេចនោះត្រូវនៅមួយភ្លែតប៉ុណ្ណោះ
11. រីឯសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាននោះ វាជាស្ដេចទីប្រាំបី ហើយវាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរអង្គនោះដែរ រួចវាក៏វិនាសបាត់ទៅ។
12. ស្នែងដប់ដែលអ្នកឃើញនោះ ជាស្ដេចដប់អង្គដែលមិនទាន់ទទួលបានរាជ្យនៅឡើយ ប៉ុន្ដែពួកគេនឹងទទួលបានសិទ្ធិអំណាចជាស្ដេចរយៈពេលមួយម៉ោងជាមួយសត្វសាហាវនោះ
13. ស្ដេចទាំងនោះមានគំនិតតែមួយ ហើយពួកគេប្រគល់អំណាច និងសិទ្ធិអំណាចរបស់ខ្លួនដល់សត្វសាហាវនោះ
14. ស្ដេចទាំងនោះនឹងច្បាំងជាមួយកូនចៀម ប៉ុន្ដែកូនចៀមនឹងឈ្នះពួកគេ ពីព្រោះកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្ដេចលើអស់ទាំងស្ដេច ហើយអស់អ្នកដែលនៅជាមួយព្រះអង្គ គឺជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។
15. ទេវតានោះក៏និយាយមកកាន់ខ្ញុំទៀតថា៖ «ទឹកដែលអ្នកបានឃើញ ហើយជាកន្លែងដែលស្រ្ដីពេស្យាបានអង្គុយនោះ គឺជាប្រជាជន បណ្ដាជន ជនជាតិ និងភាសាទាំងឡាយ។
16. រីឯស្នែងទាំងដប់ដែលអ្នកបានឃើញ និងសត្វសាហាវនោះ ពួកគេនឹងស្អប់ស្រ្ដីពេស្យានោះ ហើយនឹងធ្វើឲ្យនាងហិនហោច និងនៅអាក្រាត ពួកគេនឹងស៊ីសាច់នាង ហើយដុតនាងដោយភ្លើងទៀតផង
17. ដ្បិតព្រះជាម្ចាស់បានដាក់សេចក្ដីនេះនៅក្នុងចិត្ដពួកគេ ដើម្បីសម្រេចបំណងរបស់ព្រះអង្គដោយឲ្យពួកគេមានគំនិតតែមួយ ហើយប្រគល់រាជ្យរបស់ពួកគេដល់សត្វសាហាវនោះរហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។
18. រីឯស្រ្ដីដែលអ្នកបានឃើញនោះ គឺជាទីក្រុងដ៏ធំដែលមានអំណាចគ្រប់គ្រងស្ដេចទាំងឡាយនៅលើផែនដី»។