គម្ពីរសញ្ញាថ្មី

វិវរណៈ 15:2-8 Khmer Christian Bible (KCB)

2. ខ្ញុំ​បាន​ឃើញ​មាន​ដូច​ជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​ ហើយ​ពួកអ្នក​ដែល​បាន​ឈ្នះ​សត្វ​សាហាវ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ព្រមទាំង​លេខ​ឈ្មោះ​របស់​វា​កំពុង​ឈរ​នៅ​លើ​សមុទ្រ​កែវ​នោះ​ ទាំង​កាន់​ពិណ​របស់​ព្រះជាម្ចាស់​

3. ពួកគេ​ច្រៀង​ចម្រៀង​របស់​លោក​ម៉ូសេ​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ចម្រៀង​របស់​កូនចៀម​ថា៖​ «ឱ​ព្រះអម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ!​ ស្នារ​ព្រះហស្ដ​របស់​ព្រះអង្គ​ធំ​ ហើយ​អស្ចារ្យ​ណាស់​ ឱ​ព្រះ​មហាក្សត្រ​នៃ​ជនជាតិ​ទាំងឡាយ​អើយ!​ ផ្លូវ​របស់​ព្រះអង្គ​សុចរិត​ ហើយ​ពិត​ត្រង់​

4. ឱ​ព្រះអម្ចាស់​អើយ!​ តើ​មាន​អ្នកណា​មិន​កោតខ្លាច​ ហើយ​មិន​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះនាម​របស់​ព្រះអង្គ?​ ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ។​ ជនជាតិ​ទាំង​អស់​នឹង​ចូល​មក​ ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ ព្រោះ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​បាន​សំដែង​ឲ្យ​ឃើញ​ហើយ»។​

5. ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឃើញ​ព្រះវិហារ​នៅ​ស្ថានសួគ៌​ ដែល​ជា​រោង​នៃ​សេចក្ដី​បន្ទាល់​បាន​បើក​ចំហ​

6. ហើយ​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​គ្រោះកាច​ទាំង​ប្រាំពីរ​ក៏​ចេញ​ពី​ព្រះវិហារ​មក​ ទាំង​ស្លៀក​ពាក់​សំពត់​ទេសឯក​យ៉ាង​ស្អាត​ ហើយ​ភ្លឺ​ ក៏​ពាក់​ខ្សែក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។​

7. ពេល​នោះ​សត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​បាន​ប្រគល់​ពាន​មាស​ប្រាំពីរ​ដល់​ទេវតា​ទាំង​ប្រាំពីរ​ដែល​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​

8. ព្រះវិហារ​ក៏​បាន​ពេញ​ដោយ​ផ្សែង​ចេញ​ពី​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​ពី​ព្រះចេស្ដា​របស់​ព្រះអង្គ​ ហើយ​គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ព្រះវិហារ​បាន​ទេ​ រហូត​ទាល់​តែ​គ្រោះកាច​ទាំង​ប្រាំពីរ​របស់​ទេវតា​ទាំង​ប្រាំពីរ​នោះ​ចប់​សព្វ​គ្រប់​សិន។​

សូមអានជំពូកពេញលេញ វិវរណៈ 15