គម្ពីរសញ្ញាថ្មី

វិវរណៈ 14:8-18 Khmer Christian Bible (KCB)

8. មាន​ទេវតា​មួយ​រូបទៀត​ ជា​ទេវតា​ទីពីរ​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​ឡើង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ដ៏​ធំ​ ដែល​បាន​ឲ្យ​ជនជាតិ​ទាំងឡាយ​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​រោលរាល​របស់​ខ្លួន»។​

9. បន្ទាប់​មក​ មាន​ទេវតា​មួយ​រូប​ទៀត​ជា​ទេវតា​ទីបី​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «បើ​អ្នកណា​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ហើយ​ទទួល​យក​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬ​នៅ​លើ​ដៃ​របស់​ខ្លួន​

10. អ្នក​នោះ​នឹងត្រូវ​ផឹក​ស្រា​នៃ​កំហឹង​របស់​ព្រះជាម្ចាស់​ ជា​ស្រា​ដ៏​សុទ្ធ​ឥត​លាយ​ដែល​បាន​ចាក់​ចូល​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ ​ហើយ​អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទារុណកម្ម​នៅ​ក្នុង​ភ្លើង​ និង​ស្ពាន់ធ័រ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ​ និង​នៅ​ចំពោះ​មុខ​កូនចៀម។​

11. នោះ​ផ្សែង​នៃ​ទារុណ​កម្ម​របស់​ពួកគេ​ក៏​ហុយ​ឡើង​អស់កល្ប​ជានិច្ច​ ពួកគេ​គ្មាន​សេចក្ដី​ស្រាកស្រាន្ដ​ឡើយ​ ទាំង​ថ្ងៃ​ ទាំង​យប់​ គឺ​ពួកអ្នក​ដែល​ថ្វាយបង្គំ​សត្វ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ព្រមទាំង​អ្នកណា​ដែល​ទទួល​សញ្ញា​សំគាល់​នៃ​ឈ្មោះ​របស់​វា​ផង។​»

12. នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​របស់​ពួក​បរិសុទ្ធ​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ និង​ជំនឿ​នៅ​ក្នុង​ព្រះយេស៊ូ។​

13. ខ្ញុំ​ក៏​បានឮ​សំឡេង​មួយ​ពី​លើ​មេឃ​មក​ថា៖​ «ចូរ​សរសេរ​ដូច្នេះ​ថា​ មាន​ពរ​ហើយ​អស់​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ព្រះអម្ចាស់​ពី​ពេល​នេះ​តទៅ!»​ ព្រះវិញ្ញាណ​ក៏​មាន​បន្ទូល​ថា​ «មែន​ហើយ​ ពួកគេ​នឹង​បាន​សម្រាក​ពី​ការ​នឿយ​ហត់​របស់​ពួកគេ​ ដ្បិត​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​តាម​ជាប់​ពួកគេ»។​

14. ពេល​នោះ​ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ​ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​អង្គុយ​លើ​ពពក​នោះ​ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​ និង​កាន់​កណ្ដៀវ​ដ៏​មុត​នៅ​នឹង​ដៃ​របស់​លោក។​

15. មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះវិហារ​មក​ ទាំង​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​កាន់​អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​នោះ​ថា៖​ «សូម​ប្រើ​កណ្ដៀវ​របស់​លោក​ទៅ​ច្រូត​ចុះ​ ដ្បិត​ដល់​ពេល​ច្រូត​ហើយ​ ពី​ព្រោះ​ចម្រូត​នៅ​ផែនដី​ទុំ​ហើយ។​»

16. ដូច្នេះ​អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​ក៏​បោះ​កណ្ដៀវ​របស់​លោក​ទៅ​លើ​ផែនដី​ នោះ​ផែនដី​ក៏​ត្រូវ​បាន​ច្រូត។​

17. មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះវិហារ​ដែល​នៅ​ស្ថានសួគ៌​ ទេវតា​នោះ​ក៏​មាន​កណ្ដៀវ​មួយ​ដ៏​មុត​ដែរ​

18. បន្ទាប់​មក​ ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​ ក៏​ចេញ​ពី​កន្លែង​ថ្វាយ​តង្វាយ​មក​ ហើយ​ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​ទេវតា​ដែល​មាន​កណ្ដៀវ​ដ៏​មុត​នោះ​ថា៖​ «ចូរ​ប្រើ​កណ្ដៀវ​ដ៏​មុត​របស់​អ្នក​ទៅ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៅ​ផែនដី​ចុះ​ ដ្បិត​ផ្លែ​វា​ទុំ​ហើយ។​»

សូមអានជំពូកពេញលេញ វិវរណៈ 14