គម្ពីរសញ្ញាថ្មី

វិវរណៈ 13:1-9 Khmer Christian Bible (KCB)

1. នោះ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ចេញ​ពី​សមុទ្រ​មក​ វា​មាន​ស្នែង​ដប់​ និង​ក្បាល​ប្រាំពីរ​ នៅ​លើ​ស្នែង​របស់​វា​មាន​មកុដ​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់។​

2. សត្វ​សាហាវ​ដែល​ខ្ញុំ​ឃើញ​នោះ​ដូច​ជា​ខ្លារ​ខិន​ ជើង​របស់​វា​ដូច​ជា​ជើង​របស់​ខ្លា​ឃ្មុំ​ ហើយ​មាត់​របស់​វា​ដូច​ជា​មាត់​របស់​សត្វ​តោ។​នាគ​ក៏​ប្រគល់​អំណាច​ និង​បល្ល័ង្ក​របស់​វា​ ព្រមទាំង​សិទ្ធិ​អំណាច​យ៉ាង​ធំ​ដល់​សត្វ​នោះ​

3. ហើយ​ក្បាល​មួយ​របស់​សត្វ​នោះ​ ហាក់​ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់​ ប៉ុន្ដែ​របួស​ជិត​ស្លាប់​របស់​វា​នោះ​ក៏​បាន​ជា​សះ​ឡើង​វិញ​ ដូច្នេះ​ផែនដី​ទាំងមូល​ក៏​ស្ញប់ស្ញែង​ ហើយ​ដើរ​តាម​វា។​

4. ពួកគេ​ថ្វាយបង្គំ​នាគ​ ព្រោះ​វា​បាន​ប្រគល់​សិទ្ធិ​អំណាច​របស់​វា​ដល់​សត្វ​សាហាវ​នោះ​ ហើយ​ពួកគេ​ក៏​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ដែរ​ ទាំង​និយាយ​ថា៖​ «តើ​មាន​នរណា​ដូច​សត្វ​នេះ​ តើ​មាន​នរណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?​»

5. សត្វ​សាហាវ​នោះ​បាន​ទទួល​មាត់​និយាយ​ពាក្យ​អួតអាង​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​ធ្វើ​សកម្មភាព​សែសិបពីរ​ខែ។​

6. វា​បាន​ហា​មាត់​របស់​វា​ប្រមាថ​ព្រះជាម្ចាស់​ ប្រមាថ​ព្រះនាម​របស់​ព្រះអង្គ​ និង​លំនៅ​របស់​ព្រះអង្គ​ ព្រមទាំង​ពួកអ្នក​ដែល​រស់​នៅ​ក្នុង​ស្ថានសួគ៌។​

7. វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​ពួក​បរិសុទ្ធ​ ហើយ​យក​ឈ្នះ​លើ​ពួកគេ​ រួច​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​លើ​គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ជនជាតិ​ គ្រប់​ភាសា​ និង​គ្រប់​ប្រទេស​

8. រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​

9. អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​

សូមអានជំពូកពេញលេញ វិវរណៈ 13