4. រីឯកន្ទុយរបស់វាបានទាញផ្កាយនៅលើមេឃមួយភាគបីគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅពីមុខស្រ្ដីដែលហៀបនឹងសម្រាលកូននោះដើម្បីស៊ីកូនរបស់នាង ពេលនាងសម្រាលកូននោះមក។
5. នាងសម្រាលបានកូនប្រុសមួយ ដែលនឹងគ្រប់គ្រងជនជាតិទាំងអស់ដោយដំបងដែក ប៉ុន្ដែកូនរបស់នាងត្រូវបានលើកឡើងទៅដល់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់ព្រះអង្គ។
6. ស្រ្ដីនោះបានរត់គេចទៅឯទីរហោឋាន ជាកន្លែងដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យនាងដើម្បីចិញ្ចឹមនាងនៅទីនោះរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។
7. ពេលនោះមានចំបាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់មីកែលច្បាំងនឹងនាគ ហើយនាគ និងពួកទេវតារបស់ពួកវាក៏ច្បាំងតបវិញដែរ
8. ប៉ុន្ដែពួកវាមិនបានឈ្នះទេ ហើយក៏មិនឃើញមានកន្លែងណាសម្រាប់ពួកវានៅលើមេឃទៀតដែរ
9. នោះនាគដ៏ធំនោះត្រូវបានទម្លាក់ចុះមក គឺជាពស់ពីបុរាណដែលហៅថាមេអារក្សផង និងសាតាំងផង ជាអ្នកដែលនាំឲ្យមនុស្សនៅលើផែនដីទាំងមូលវង្វេង វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានទម្លាក់ចុះមកជាមួយវាដែរ
10. រួចខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃបន្លឺឡើងថា៖ «ឥឡូវនេះ សេចក្ដីសង្គ្រោះ អំណាច និងរាជ្យរបស់ព្រះជាម្ចាស់នៃយើង ព្រមទាំងសិទ្ធិអំណាចរបស់ព្រះគ្រិស្ដរបស់ព្រះអង្គបានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់បងប្អូនរបស់យើងត្រូវបានទម្លាក់ចុះមក គឺវានោះហើយដែលចោទប្រកាន់ពួកគេនៅចំពោះព្រះជាម្ចាស់របស់យើងទាំងយប់ទាំងថ្ងៃ។
11. ពួកគេបានឈ្នះវាដោយសារឈាមរបស់កូនចៀម និងដោយសារពាក្យនៃសេចក្ដីបន្ទាល់របស់ពួកគេ ដ្បិតពួកគេមិនបានស្រឡាញ់ជីវិតរបស់ខ្លួនរហូតដល់ស្លាប់។
12. ហេតុនេះ ឱស្ថានសួគ៌ និងអស់អ្នកដែលនៅស្ថាននោះអើយ! ចូរអរសប្បាយឡើង ប៉ុន្ដែវេទនាដល់ផែនដី និងសមុទ្រវិញ ព្រោះអារក្សសាតាំងបានចុះមកឯអ្នករាល់គ្នា ទាំងមានកំហឹងជាខ្លាំង ដោយដឹងថា វាមានពេលវេលាតែបន្ដិចទេ»។
13. នៅពេលនាគឃើញថា វាត្រូវបានទម្លាក់ចុះមកផែនដីដូច្នេះ វាក៏បៀតបៀនស្រ្ដីដែលបានសម្រាលកូនប្រុសនោះ។
14. ប៉ុន្ដែស្រ្ដីនោះបានទទួលស្លាបពីររបស់សត្វឥន្ទ្រីដ៏ធំ ដើម្បីឲ្យនាងអាចហើរទៅឯទីរហោឋាន ជាកន្លែងរបស់នាងដែលនាងនឹងទទួលបានការចិញ្ចឹមក្នុងរយៈពេល មួយឆ្នាំ ពីរឆ្នាំ និងកន្លះឆ្នាំ ផុតពីមុខសត្វពស់នោះ។
15. ពស់នោះបានព្រួសទឹកចេញពីមាត់របស់វាមកដូចជាទន្លេតាមពីក្រោយស្រ្ដីនោះ ដើម្បីធ្វើឲ្យនាងរសាត់ទៅតាមទឹកជំនន់។
16. ប៉ុន្ដែ ផែនដីបានជួយស្រ្ដីនោះ គឺផែនដីបានហាមាត់ ហើយលេបទន្លេដែលនាគនោះបានព្រួសចេញពីមាត់វាមក។