1. មានទីសំគាល់មួយយ៉ាងធំលេចមកនៅលើមេឃ គឺមានស្រ្ដីម្នាក់ស្លៀកពាក់ដួងអាទិត្យ ហើយមានលោកខែនៅក្រោមជើង ក៏មានផ្កាយដប់ពីរធ្វើជាមកុដនៅលើក្បាល។
2. នាងមានផ្ទៃពោះ ហើយស្រែកឡើង ដោយឈឺចាប់ហៀបនឹងសម្រាលកូន។
3. ហើយមានទីសំគាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគក្រហមមួយយ៉ាងធំ មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដប្រាំពីរ
4. រីឯកន្ទុយរបស់វាបានទាញផ្កាយនៅលើមេឃមួយភាគបីគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅពីមុខស្រ្ដីដែលហៀបនឹងសម្រាលកូននោះដើម្បីស៊ីកូនរបស់នាង ពេលនាងសម្រាលកូននោះមក។
5. នាងសម្រាលបានកូនប្រុសមួយ ដែលនឹងគ្រប់គ្រងជនជាតិទាំងអស់ដោយដំបងដែក ប៉ុន្ដែកូនរបស់នាងត្រូវបានលើកឡើងទៅដល់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់ព្រះអង្គ។
6. ស្រ្ដីនោះបានរត់គេចទៅឯទីរហោឋាន ជាកន្លែងដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យនាងដើម្បីចិញ្ចឹមនាងនៅទីនោះរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។
7. ពេលនោះមានចំបាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់មីកែលច្បាំងនឹងនាគ ហើយនាគ និងពួកទេវតារបស់ពួកវាក៏ច្បាំងតបវិញដែរ
8. ប៉ុន្ដែពួកវាមិនបានឈ្នះទេ ហើយក៏មិនឃើញមានកន្លែងណាសម្រាប់ពួកវានៅលើមេឃទៀតដែរ
9. នោះនាគដ៏ធំនោះត្រូវបានទម្លាក់ចុះមក គឺជាពស់ពីបុរាណដែលហៅថាមេអារក្សផង និងសាតាំងផង ជាអ្នកដែលនាំឲ្យមនុស្សនៅលើផែនដីទាំងមូលវង្វេង វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានទម្លាក់ចុះមកជាមួយវាដែរ