គម្ពីរសញ្ញាថ្មី

វិវរណៈ 11:13-19 Khmer Christian Bible (KCB)

13. នៅ​វេលា​នោះ​ មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​កើត​ឡើង​ ហើយ​មួយ​ភាគ​ដប់​នៃ​ក្រុង​នោះ​បាន​ដួល​រលំ​ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ផែនដី​នោះ​ រីឯ​អ្នក​ដែល​សល់​ពី​ស្លាប់​បាន​ភ័យខ្លាច​ ហើយ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌។​

14. សេចក្ដី​វេទនា​ទីពីរ​បាន​កន្លង​ផុត​ទៅ​ហើយ​ មើល៍​ សេចក្ដី​វេទនា​ទីបី​នឹង​មក​យ៉ាង​ឆាប់។​

15. បន្ទាប់​មក​ទេវតា​ទីប្រាំពីរ​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​សំឡេង​យ៉ាង​ខ្លាំង​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖​ «នគរ​របស់​លោកិយ​នេះ​បាន​ត្រលប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​ និង​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​នឹង​សោយរាជ្យ​រហូត​អស់កល្ប​ជានិច្ច»។​

16. ពេល​នោះ​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ដែល​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្លួន​នៅ​ពី​មុខ​ព្រះជាម្ចាស់​ក៏​ក្រាប​ផ្កាប់​មុខ​ ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់​

17. ទាំង​និយាយ​ថា៖​ «ឱ​ព្រះអម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ និង​គង់​នៅ​តាំង​ពី​ដើម​អើយ!​ យើង​ខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​យក​អំណាច​ដ៏​ធំ​ឧត្ដម​របស់​ព្រះអង្គ​ ហើយ​បាន​សោយរាជ្យ​

18. ប្រទេស​ទាំងឡាយ​មាន​កំហឹង​ ប៉ុន្ដែ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​បាន​មក​ដល់​ ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំ​ជម្រះ​មនុស្ស​ស្លាប់​ ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ ដល់​ពួកអ្នក​នាំ​ព្រះបន្ទូល​ ដល់​ពួក​បរិសុទ្ធ​ និង​ដល់​ពួកអ្នក​ដែល​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ​ ទាំង​តូច​ ទាំង​ធំ​ ព្រមទាំង​បំផ្លាញ​ពួកអ្នក​ដែល​បំផ្លាញ​ផែនដី​ផង»។​

19. ពេល​នោះ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​នៅ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ក៏​ឃើញ​ហិប​នៃ​កិច្ច​ព្រមព្រៀង​របស់​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ​ រួច​មាន​ផ្លេក​បន្ទោរ​ មាន​សំឡេង​ មាន​ផ្គរលាន់​ មាន​ការ​រញ្ជួយ​ផែនដី​ និង​មាន​ព្រឹល​ធ្លាក់​យ៉ាង​ខ្លាំង។​

សូមអានជំពូកពេញលេញ វិវរណៈ 11