គម្ពីរសញ្ញាថ្មី

វិវរណៈ 1:8-15 Khmer Christian Bible (KCB)

8. ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ គង់​នៅ​តាំង​ពី​ដើម​ ហើយ​ដែល​ត្រូវ​យាង​មក​ គឺ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «យើង​ជា​អាល់ផា​ និង​ជា​អូមេកា»។​

9. ខ្ញុំ​ យ៉ូហាន​ ជា​បងប្អូន​របស់​អ្នក​រាល់គ្នា​ ហើយ​ជា​អ្នក​រួម​ចំណែក​ជាមួយ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​ គឺ​នៅ​ក្នុង​សេចក្ដី​វេទនា​ នៅ​ក្នុង​នគរ​ និង​នៅ​ក្នុង​ការ​ស៊ូទ្រាំ។​ ខ្ញុំ​បាន​នៅ​លើ​កោះ​ប៉ាត់ម៉ុស​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​

10. នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​ ខ្ញុំ​បាន​លង់​នៅ​ក្នុង​វិញ្ញាណ​ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​យ៉ាង​ខ្លាំង​មួយ​ដូច​ជា​សំឡេង​ត្រែ​នៅ​ពីក្រោយ​ខ្ញុំ​

11. បន្លឺ​ឡើង​ថា៖​ «អ្វី​ដែល​អ្នក​ឃើញ​ ចូរ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ​ ហើយ​ផ្ញើ​ទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ដែល​នៅ​ក្រុង​អេភេសូរ​ ក្រុង​ស្មឺណា​ ក្រុង​ពើការម៉ុស​ ក្រុង​ធាទេរ៉ា​ ក្រុង​សើដេស​ ក្រុង​ភីឡាដិលភា​ និង​ក្រុង​ឡៅឌីសេ»។​

12. ខ្ញុំ​ក៏​បែរ​ទៅ​មើល​សំឡេងដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ​ ពេល​បែរ​ទៅ​ហើយ​ ខ្ញុំ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ​

13. ហើយ​នៅ​កណ្ដាល​ជើង​ចង្កៀង​នោះ​ មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​ ពាក់​អាវ​វែង​ដល់​ជើង​ ហើយ​ពាក់​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។​

14. សក់​របស់​លោក​ស​ដូច​ជា​រោម​ចៀម​ពណ៌​ស​ គឺ​ស​ដូច​ជា​ព្រឹល​ ហើយ​ភ្នែក​របស់​លោក​ដូច​ជា​អណ្ដាត​ភ្លើង​

15. ជើង​របស់​លោក​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ដែល​គេ​ដុត​នៅ​ក្នុង‍​ឡភ្លើង​ ហើយ​សំឡេង​របស់​លោក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ដែល​ឮ​យ៉ាង​ខ្លាំង។​

សូមអានជំពូកពេញលេញ វិវរណៈ 1