គម្ពីរសញ្ញាថ្មី

លូកា 9:4-13 Khmer Christian Bible (KCB)

4. ផ្ទះ​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​បាន​ចូល​ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ​រហូត​ដល់​អ្នក​រាល់គ្នា​ចេញ​ពី​ទី​នោះ​

5. ចំពោះ​អស់​អ្នក​ដែល​មិន​ទទួល​អ្នក​រាល់គ្នា​ ពេល​ចេញ​ពី​ក្រុង​នោះ​ ចូរ​រលាស់​ធូ​លី​ដី​ពី​ជើង​របស់​អ្នក​រាល់គ្នា​ចុះ​ ដើម្បី​ទុកជា​ទីបន្ទាល់​ដល់​ពួកគេ»​

6. ពួកគេ​ក៏​ចេញ​ទៅ​ និង​បាន​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ប្រកាស​ដំណឹង​ល្អ​ និង​ប្រោស​ជំងឺ​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​បាន​ជា។​

7. កាល​ហេរ៉ូឌជា​ស្ដេច​ត្រាញ់​បាន​ឮ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ ស្ដេច​ក៏​គិត​មិន​យល់​ ព្រោះ​មាន​អ្នក​ខ្លះ​និយាយ​ថា​ លោក​យ៉ូហាន​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​

8. អ្នក​ខ្លះ​ទៀត​ថា​ លោក​អេលីយ៉ា​បាន​លេច​មក​ ប៉ុន្ដែ​ពួក​អ្នក​ឯ​ទៀត​ថា​ មាន​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​នៅ​ជំនាន់​មុន​បាន​រស់​ឡើង​វិញ។​

9. រីឯ​ស្ដេច​ហេរ៉ូឌ​វិញ​បាន​មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​កាត់​ក​លោក​យ៉ូហាន​ហើយ​ ចុះ​តើ​ម្នាក់​នេះ​ជា​អ្នកណា​ បាន​ជា​ខ្ញុំ​ឮ​ហេតុការណ៍​អំពី​គាត់​យ៉ាង​ដូច្នេះ?»​ ស្ដេច​ក៏​ចង់​ជួប​ព្រះអង្គ។​

10. ពេល​ពួក​សាវក​បាន​ត្រលប់​មក​វិញ​ហើយ​ ក៏​រៀប​រាប់​ប្រាប់​ព្រះអង្គ​អំពី​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ​ ហើយ​ព្រះអង្គ​ក៏​នាំ​ពួកគេ​ចេញ​ទៅ​ដោយឡែក​ទៅ​ក្រុង​មួយ​ឈ្មោះ​បេតសៃដា។​

11. ប៉ុន្ដែ​ពេល​បណ្ដាជន​បាន​ដឹង​ ក៏​ទៅតាម​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ស្វាគមន៍​ពួកគេ​ និង​មាន​បន្ទូល​ទៅ​ពួកគេ​អំពី​នគរ​ព្រះជាម្ចាស់ ព្រមទាំង​បាន​ប្រោស​អស់​អ្នក​ដែល​ត្រូវការ​ប្រោស​ឲ្យ​ជា​ឲ្យ​បាន​ជា​ដែរ។​

12. នៅ​ពេល​ថ្ងៃ​ចាប់ផ្ដើម​ជ្រេ​ សាវក​ទាំង​ដប់​ពីរ​បាន​ចូល​មក​ជិត​ទូល​ព្រះអង្គ​ថា៖​ «សូម​រំសាយ​បណ្ដាជន​ឲ្យ​ទៅ​ស្រុក​ភូមិ​ និង​ស្រែ​ចម្ការ​នៅ​ជុំវិញ​ ដើម្បី​ឲ្យ​ពួកគេ​រក​ម្ហូប​អាហារ​ និង​កន្លែង​ស្នាក់នៅ​ ដ្បិត​កន្លែង​នេះ​នៅ​ដាច់​ពី​គេ»។​

13. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ ប៉ុន្ដែ​ពួកគេ​បាន​ទូល​វិញ​ថា៖​ «យើង​មាន​តែ​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​ប៉ុណ្ណោះ​ លុះត្រា​តែ​យើង​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំង​នេះ»​

សូមអានជំពូកពេញលេញ លូកា 9