គម្ពីរសញ្ញាថ្មី

លូកា 9:39-59 Khmer Christian Bible (KCB)

39. ដ្បិត​មាន​វិញ្ញាណ​មួយ​ចូល​ក្នុង​វា​ ហើយ​ស្រែកឡើង​ភ្លាម​ រួច​ផ្ដួល​កូន​ខ្ញុំ​ឲ្យ​ដួល​ប្រកាច់​ប្រកិន​បែក​ពពុះ​មាត់​ ហើយ​វា​ញាំញី​កូន​របស់​ខ្ញុំ​មិន​ងាយ​ចេញ​ឡើយ។​

40. ខ្ញុំ​បាន​អង្វរ​ពួក​សិស្ស​របស់​លោក​ឲ្យ​ពួកគេ​បណ្ដេញ​វិញ្ញាណ​នោះ​ចេញ​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើ​បាន​សោះ»។​

41. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ឱ​ ជំនាន់​មនុស្ស​គ្មាន​ជំនឿ​ និង​មាន​ចិត្ដ​វៀច​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​កូន​ប្រុស​របស់​អ្នក​មក​ទីនេះ!»

42. ពេល​កូន​នោះ​កំពុង​ចូល​មក​ជិត​នៅ​ឡើយ​ អារក្ស​បាន​ធ្វើ​ឲ្យ​ដួល​ប្រកាច់​ប្រកិន​ ហើយ​ព្រះយេស៊ូ​ក៏​បន្ទោស​ដល់​វិញ្ញាណ​អាក្រក់​នោះ​ ទាំង​ប្រោស​ក្មេង​នោះ​ឲ្យ​បាន​ជា​ រួច​ប្រគល់​ឲ្យទៅ​ឪពុក​របស់​វា​វិញ។​

43. មនុស្ស​ទាំង​អស់​បាន​នឹក​អស្ចារ្យ​ចំពោះ​អំណាច​របស់​ព្រះជាម្ចាស់​ ហើយ​កាល​មនុស្ស​ទាំង​អស់​កំពុង​ស្ងើច​សរសើរ​ចំពោះ​ការ​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ នោះ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​

44. «ចូរ​អ្នក​រាល់គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទាំង​នេះ​ចុះ!​ ដ្បិត​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅក្នុង​ដៃ​របស់​មនុស្ស»។​

45. តែ​ពួកគេ​មិន​យល់​ព្រះបន្ទូល​នេះ​ទេ​ ដ្បិត​ត្រូវ​បាន​លាក់​បាំង​ពី​ពួកគេ​ ដើម្បី​មិន​ឲ្យ​យល់​ពី​សេចក្ដី​នេះ​ ហើយ​ពួកគេ​ក៏​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​ព្រះបន្ទូល​នេះ​ដែរ។​

46. មាន​ការ​ប្រកែក​គ្នា​កើត​ឡើង​ក្នុង​ចំណោម​ពួក​សិស្ស​ គឺ​ថា​តើ​អ្នកណា​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួកគេ។​

47. កាល​ព្រះយេស៊ូ​ជ្រាប​គំនិត​ក្នុង​ចិត្ដ​របស់​ពួកគេ​ ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​ក្បែរ​ព្រះអង្គ​

48. រួច​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នកណា​ដែល​ទទួល​ក្មេង​តូច​នេះ​ក្នុង​ឈ្មោះ​ខ្ញុំ​ នោះ​គឺ​ទទួល​ខ្ញុំ​ ហើយ​អ្នកណា​ទទួល​ខ្ញុំ​ នោះ​គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​ ដ្បិត​អ្នក​ដែល​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​ គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ»។​

49. លោក​យ៉ូហាន​ទូល​ឆ្លើយ​ថា៖​ «លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​បណ្ដេញ​អារក្ស​ដោយ​ឈ្មោះ​របស់​លោក​ ហើយ​យើង​បាន​ឃាត់​គាត់​ ព្រោះ​គាត់​មិន​បាន​ដើរ​តាម​ជាមួយ​យើង​ទេ»។​

50. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «កុំ​ឃាត់​គាត់​អី​ ដ្បិត​អ្នកណា​មិន​ប្រឆាំង​អ្នក​រាល់គ្នា​ នោះ​នៅ​ខាង​អ្នក​រាល់គ្នា​ហើយ»។​

51. កាល​ជិត​ដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវ​លើក​ឡើង​ទៅ​ស្ថានសួគ៌​ ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ​ក្រុង​យេរូសាឡិម។​

52. ព្រះអង្គ​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​ព្រះអង្គ​ ពួកគេ​ក៏​ចេញ​ទៅ​ និង​បាន​ចូល​ក្នុង​ភូមិ​មួយ​របស់​ពួក​សាម៉ារី​ ដើម្បី​រៀបចំ​សម្រាប់​ព្រះអង្គ។​

53. ប៉ុន្ដែ​ពួក​សាម៉ារី​មិន​បាន​ទទួល​ព្រះអង្គ​ទេ​ ព្រោះ​គោលដៅ​របស់​ព្រះអង្គ​ គឺ​កំពុង​យាង​ទៅ​ក្រុង​យេរូសាឡិម។​

54. កាល​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​សិស្ស​បាន​ឃើញ​ហើយ​ ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ចង់​ឲ្យ​យើង​ហៅ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ពួកគេ​ដែរ​ឬ​ទេ?»​

55. ប៉ុន្ដែ​ព្រះអង្គ​បាន​បែរ​មក​បន្ទោស​ពួក​សិស្ស​ [ថា៖​ «អ្នក​រាល់គ្នា​មិន​ដឹង​ថា​ខ្លួន​ឯង​មាន​វិញ្ញាណ​បែបណា​ទេ​

56. ដ្បិត​កូន​មនុស្ស​មិន​បាន​មក​ដើម្បី​បំផ្លាញ​ជីវិត​មនុស្ស​ទេ​ គឺ​ដើម្បី​សង្គ្រោះ​ពួកគេ​វិញ»]​ រួច​ពួកគេ​ក៏​ចេញ​ទៅ​ភូមិ​ផ្សេង​ទៀត។​

57. ពេល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ មាន​បុរស​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ខ្ញុំ​នឹង​ដើរ​តាម​លោក​ ទោះ​បី​លោក​ទៅ​ទីណា​ក៏ដោយ»​

58. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ ប៉ុន្ដែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»។​

59. ព្រះអង្គ​មាន​បន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ចុះ»​ ប៉ុន្ដែ​អ្នក​នោះ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​ខ្ញុំ​ជា​មុន​សិន»​

សូមអានជំពូកពេញលេញ លូកា 9