គម្ពីរសញ្ញាថ្មី

លូកា 9:16-33 Khmer Christian Bible (KCB)

16. កាល​ព្រះអង្គ​បាន​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ ក៏​ងើយ​មើល​ទៅ​ស្ថានសួគ៌​ ទាំង​អរ​ព្រះគុណ​សម្រាប់​អាហារ​ទាំង​នោះ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ដើម្បី​រៀបចំ​នៅ​មុខ​បណ្ដាជន។​

17. ពួកគេ​ក៏​បាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់​គ្រប់ៗ​គ្នា​ ហើយ​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅសល់​បាន​ដប់​ពីរ​កន្ដ្រក។​

18. នៅ​ពេល​មួយ​ កាល​ព្រះអង្គ​កំពុង​អធិស្ឋាន​នៅ​ដាច់​ដោយ​ឡែក​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅជាមួយ​ព្រះអង្គ​ ព្រះអង្គ​បាន​មាន​បន្ទូល​សួរ​ពួកគេ​ថា៖​ «តើ​បណ្ដាជន​និយាយ​ថា​ខ្ញុំ​ជា​អ្នកណា?»​

19. ពួកគេ​ក៏​ទូល​ឆ្លើយ​ថា៖​ «ជា​លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ ប៉ុន្ដែ​អ្នក​ឯ​ទៀត​ថា​ ជា​លោក​អេលីយ៉ា​ ហើយ​អ្នក​ផ្សេង​ទៀត​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​នៅ​ជំនាន់​មុន​ដែល​បាន​រស់​ឡើង​វិញ»។​

20. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចុះ​អ្នក​រាល់គ្នា​វិញ​ថា​ខ្ញុំ​ជា​អ្នកណា​ដែរ?»​ លោក​ពេត្រុស​ទូល​ឆ្លើយ​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​របស់​ព្រះជាម្ចាស់»។​

21. ប៉ុន្ដែ​ព្រះអង្គ​បាន​ព្រមាន​ពួកគេ​ដោយ​បង្គាប់​មិន​ឲ្យ​ប្រាប់​អ្នកណា​ម្នាក់​ពី​ការ​នេះ​ទេ​

22. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «កូន​មនុស្ស​ត្រូវតែ​ទទួល​រង​ទុក្ខ​ជាច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ និង​សម្លាប់​ ហើយ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី»។​

23. ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖​ «បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះបង់​ខ្លួន​ឯង​ លី​ឈើ​ឆ្កាង​របស់​ខ្លួន​រាល់​ថ្ងៃ​មក​តាម​ខ្ញុំ​ចុះ​

24. ដ្បិត​អ្នកណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​ជីវិត​ខ្លួន​ដោយ​ព្រោះ​ខ្ញុំ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។​

25. បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភព​លោក​ទាំងមូល​ តែ​ត្រូវ​វិនាស​ ឬ​បាត់បង់​ជីវិត​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​

26. ដ្បិត​អ្នកណា​ខ្មាស​គេ​ដោយសារ​ខ្ញុំ​ និង​ពាក្យ​របស់​ខ្ញុំ​ កូន​មនុស្ស​នឹង​ខ្មាស​ដោយសារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅក្នុង​សិរី​រុងរឿង​របស់​លោក​ និង​របស់​ព្រះវរបិតា​ ព្រមទាំង​ពួក​ទេវតា​បរិសុទ្ធ។​

27. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​កំពុង​ឈរ​នៅ​ទីនេះ​ នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ឡើយ​ លុះត្រា​តែ​ឃើញ​នគរ​ព្រះជាម្ចាស់»។​

28. ប្រហែល​ជា​ប្រាំ​បី​ថ្ងៃ​ក្រោយពី​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ ព្រះ​អង្គ​បាន​នាំ​លោក​ពេត្រុស​ លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ​ជាមួយ​ដើម្បី​អធិស្ឋាន។​

29. ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន​ ព្រះភក្ដ្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់​ប្រែ​ អាវ​របស់​ព្រះអង្គ​ប្រែជា​ស​ភ្លឺ​ចាំង​

30. ហើយ​មើល៍​ មាន​បុរស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះអង្គ​ គឺ​ជា​លោក​ម៉ូសេ​ និង​លោក​អេលីយ៉ា​

31. ដែល​បាន​លេច​មក​ក្នុង​សិរី​រុងរឿង​ ទាំង​និយាយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ដែល​នឹង​ត្រូវ​សម្រេច​នៅ​ក្រុង​យេរូសាឡិម។​

32. លោក​ពេត្រុស​ និង​ពួក​អ្នក​នៅ​ជា​មួយ​គាត់​បាន​ងងុយ​ដេក​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​កាល​ពួកគេ​ភ្ញាក់ឡើង​ ក៏​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ និង​បុរស​ពីរ​នាក់​ដែល​កំពុង​ឈរ​ជាមួយ​ព្រះអង្គ។​

33. កាល​អ្នក​ទាំង​ពីរ​នោះ​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ​ លោក​ពេត្រុស​បាន​ទូល​ទៅ​ព្រះយេស៊ូ​ថា៖​ «លោក​គ្រូ​ ជា​ការ​ល្អ​ណាស់​ដែល​យើង​បាន​នៅ​ទីនេះ​ សូម​ឲ្យ​យើង​ធ្វើ​រោង​បីទៅ​ គឺ​មួយ​សម្រាប់​លោក មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​ ប៉ុន្ដែ​គាត់​មិន​ដឹង​អំពី​អ្វី​ដែល​គាត់​កំពុង​និយាយ​ឡើយ។​

សូមអានជំពូកពេញលេញ លូកា 9