15. ពួកគេក៏បានធ្វើដូច្នោះ ហើយមនុស្សទាំងអស់ក៏អង្គុយចុះ។
16. កាលព្រះអង្គបានយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ក៏ងើយមើលទៅស្ថានសួគ៌ ទាំងអរព្រះគុណសម្រាប់អាហារទាំងនោះ រួចកាច់ឲ្យទៅពួកសិស្សដើម្បីរៀបចំនៅមុខបណ្ដាជន។
17. ពួកគេក៏បានបរិភោគឆ្អែតស្កប់ស្កល់គ្រប់ៗគ្នា ហើយគេប្រមូលចំណិតនំប៉័ងនៅសល់បានដប់ពីរកន្ដ្រក។
18. នៅពេលមួយ កាលព្រះអង្គកំពុងអធិស្ឋាននៅដាច់ដោយឡែក ហើយពួកសិស្សរបស់ព្រះអង្គបាននៅជាមួយព្រះអង្គ ព្រះអង្គបានមានបន្ទូលសួរពួកគេថា៖ «តើបណ្ដាជននិយាយថាខ្ញុំជាអ្នកណា?»
19. ពួកគេក៏ទូលឆ្លើយថា៖ «ជាលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ប៉ុន្ដែអ្នកឯទៀតថា ជាលោកអេលីយ៉ា ហើយអ្នកផ្សេងទៀតថា ជាអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនដែលបានរស់ឡើងវិញ»។
20. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចុះអ្នករាល់គ្នាវិញថាខ្ញុំជាអ្នកណាដែរ?» លោកពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគ្រិស្ដរបស់ព្រះជាម្ចាស់»។
21. ប៉ុន្ដែព្រះអង្គបានព្រមានពួកគេដោយបង្គាប់មិនឲ្យប្រាប់អ្នកណាម្នាក់ពីការនេះទេ
22. ព្រះអង្គមានបន្ទូលថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ និងសម្លាប់ ហើយលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
23. ព្រះអង្គបានមានបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯង លីឈើឆ្កាងរបស់ខ្លួនរាល់ថ្ងៃមកតាមខ្ញុំចុះ
24. ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់ជីវិតខ្លួនដោយព្រោះខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។
25. បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល តែត្រូវវិនាស ឬបាត់បង់ជីវិតខ្លួន តើមានប្រយោជន៍អ្វី?
26. ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យរបស់ខ្ញុំ កូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់លោក និងរបស់ព្រះវរបិតា ព្រមទាំងពួកទេវតាបរិសុទ្ធ។
27. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះក្នុងចំណោមពួកអ្នកកំពុងឈរនៅទីនេះ នឹងមិនស្គាល់សេចក្ដីស្លាប់ឡើយ លុះត្រាតែឃើញនគរព្រះជាម្ចាស់»។
28. ប្រហែលជាប្រាំបីថ្ងៃក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះ ព្រះអង្គបាននាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំជាមួយដើម្បីអធិស្ឋាន។
29. ពេលព្រះអង្គកំពុងអធិស្ឋាន ព្រះភក្ដ្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ អាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង