គម្ពីរសញ្ញាថ្មី

លូកា 9:1-11 Khmer Christian Bible (KCB)

1. កាល​បាន​ហៅ​សាវក​ទាំង​ដប់​ពីរ​ជុំ​គ្នា​ហើយ​ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ពួកគេ​មាន​ឫទ្ធានុភាព​ និង​សិទ្ធិ​អំណាច​លើ​ពួក​អារក្ស​ទាំង​អស់​ ព្រមទាំង​ប្រោស​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា​

2. ហើយ​ព្រះអង្គ​ក៏​ចាត់​ពួកគេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​ប្រោស​ពួក​អ្នក​ជំងឺ​ឲ្យ​បាន​ជា។​

3. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេល​ធ្វើ​ដំណើរ​ កុំ​យក​អ្វី​ទៅ​ជាមួយ​ឲ្យ​សោះ​ ទោះ​ជា​ឈើ​ច្រត់​ ថង់​យាម​ នំប៉័ង​ ឬ​ប្រាក់​ក្ដី​ ហើយ​ម្នាក់ៗ​មិន​ត្រូវ​មាន​អាវ​ពីរ​បន្លាស់​ទេ។​

4. ផ្ទះ​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​បាន​ចូល​ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ​រហូត​ដល់​អ្នក​រាល់គ្នា​ចេញ​ពី​ទី​នោះ​

5. ចំពោះ​អស់​អ្នក​ដែល​មិន​ទទួល​អ្នក​រាល់គ្នា​ ពេល​ចេញ​ពី​ក្រុង​នោះ​ ចូរ​រលាស់​ធូ​លី​ដី​ពី​ជើង​របស់​អ្នក​រាល់គ្នា​ចុះ​ ដើម្បី​ទុកជា​ទីបន្ទាល់​ដល់​ពួកគេ»​

6. ពួកគេ​ក៏​ចេញ​ទៅ​ និង​បាន​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ប្រកាស​ដំណឹង​ល្អ​ និង​ប្រោស​ជំងឺ​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​បាន​ជា។​

7. កាល​ហេរ៉ូឌជា​ស្ដេច​ត្រាញ់​បាន​ឮ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ ស្ដេច​ក៏​គិត​មិន​យល់​ ព្រោះ​មាន​អ្នក​ខ្លះ​និយាយ​ថា​ លោក​យ៉ូហាន​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​

8. អ្នក​ខ្លះ​ទៀត​ថា​ លោក​អេលីយ៉ា​បាន​លេច​មក​ ប៉ុន្ដែ​ពួក​អ្នក​ឯ​ទៀត​ថា​ មាន​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​នៅ​ជំនាន់​មុន​បាន​រស់​ឡើង​វិញ។​

9. រីឯ​ស្ដេច​ហេរ៉ូឌ​វិញ​បាន​មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​កាត់​ក​លោក​យ៉ូហាន​ហើយ​ ចុះ​តើ​ម្នាក់​នេះ​ជា​អ្នកណា​ បាន​ជា​ខ្ញុំ​ឮ​ហេតុការណ៍​អំពី​គាត់​យ៉ាង​ដូច្នេះ?»​ ស្ដេច​ក៏​ចង់​ជួប​ព្រះអង្គ។​

10. ពេល​ពួក​សាវក​បាន​ត្រលប់​មក​វិញ​ហើយ​ ក៏​រៀប​រាប់​ប្រាប់​ព្រះអង្គ​អំពី​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ​ ហើយ​ព្រះអង្គ​ក៏​នាំ​ពួកគេ​ចេញ​ទៅ​ដោយឡែក​ទៅ​ក្រុង​មួយ​ឈ្មោះ​បេតសៃដា។​

11. ប៉ុន្ដែ​ពេល​បណ្ដាជន​បាន​ដឹង​ ក៏​ទៅតាម​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ស្វាគមន៍​ពួកគេ​ និង​មាន​បន្ទូល​ទៅ​ពួកគេ​អំពី​នគរ​ព្រះជាម្ចាស់ ព្រមទាំង​បាន​ប្រោស​អស់​អ្នក​ដែល​ត្រូវការ​ប្រោស​ឲ្យ​ជា​ឲ្យ​បាន​ជា​ដែរ។​

សូមអានជំពូកពេញលេញ លូកា 9