គម្ពីរសញ្ញាថ្មី

លូកា 8:45-55 Khmer Christian Bible (KCB)

45. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «តើ​នរណា​បាន​ពាល់​ខ្ញុំ?»​ ពេល​មនុស្ស​គ្រប់គ្នា​កំពុងតែ​បដិសេធ​ លោក​ពេត្រុស​ក៏​ទូល​ថា៖​ «លោក​គ្រូ​អើយ!​ បណ្ដាជន​កំពុង​ប្រជ្រៀត​ជុំវិញ​លោក»​

46. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «មាន​អ្នកណា​ម្នាក់​បាន​ពាល់​ខ្ញុំ​ ដ្បិត​ខ្ញុំ​ដឹង​ថា​ អំណាច​បាន​ចេញ​ពី​ខ្ញុំ»។​

47. កាល​ស្ដ្រី​នោះ​ដឹង​ថា​ នាង​លាក់​មិន​ជិត​ ក៏​មក​ក្រាប​ទាំង​ភ័យញ័រ​នៅ​ពី​មុខ​ព្រះអង្គ​ ហើយ​នាង​រៀប​រាប់​ប្រាប់​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​អំពី​មូល​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះអង្គ​ និង​អំពី​របៀប​ដែល​នាង​បាន​ជា​ភ្លាមៗ​

48. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កូន​ស្រី​អើយ!​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ​ ចូរ​ទៅ​ដោយ​សុខ​សាន្ដ​ចុះ»។​

49. ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ មាន​មនុស្ស​ម្នាក់​មក​ពី​ផ្ទះ​របស់​ប្រធាន​សាលា​ប្រជុំ​ ប្រាប់​លោក​យៃរ៉ូស​ថា៖​ «កូន​ស្រី​របស់​លោក​ស្លាប់​ហើយ​ កុំ​រំខាន​លោក​គ្រូ​ទៀត​អី»​

50. ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ឮ​ ក៏​ឆ្លើយ​ទៅ​លោក​យៃរ៉ូស​ថា៖​ «កុំ​ខ្លាច​អី!​ គ្រាន់តែ​ជឿ​ប៉ុណ្ណោះ​ នាង​នឹង​បាន​ជា»។​

51. ពេល​មក​ដល់​ផ្ទះ​នោះ​ ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូល​ទៅ​ខាង​ក្នុង​ជាមួយ​ព្រះអង្គ​ទេ​ លើកលែង​តែ​លោក​ពេត្រុស​ លោក​យ៉ូហាន​ លោក​យ៉ាកុប​ និង​ឪពុក​ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។​

52. មនុស្ស​ទាំង​អស់​កំពុង​កាន់ទុក្ខ​ ទាំង​ទ្រហោ​យំ​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ឈប់​ទ្រហោ​យំ​ទៀត​ទៅ​ ដ្បិត​នាង​មិន​ទាន់​ស្លាប់​ទេ​ គឺ​នាង​កំពុង​ដេក​លក់​ទេ​តើ»​

53. ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ដោយ​ដឹង​ថា​នាង​បាន​ស្លាប់​ហើយ​

54. ប៉ុន្ដែ​ព្រះអង្គ​បាន​ចាប់​ដៃ​របស់​នាង​ ទាំង​ស្រែក​ហៅ​ថា៖​ «នាង​តូច​អើយ!​ ក្រោក​ឡើង»​

55. វិញ្ញាណ​របស់​នាង​ក៏​ត្រលប់​មក​វិញ​ ហើយ​នាង​បាន​ក្រោក​ឈរ​ភ្លាម​ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ផ្ដល់​អាហារ​ឲ្យ​នាង​បរិភោគ។​

សូមអានជំពូកពេញលេញ លូកា 8