គម្ពីរសញ្ញាថ្មី

លូកា 8:3-12 Khmer Christian Bible (KCB)

3. និង​នាង​យ៉ូអាណាន់​ប្រពន្ធ​លោក​ឃូសាជា​អ្នកបម្រើ​ស្ដេច​ហេរ៉ូឌ​ នាង​ស៊ូសាន​ ព្រមទាំង​ពួក​ស្ដ្រី​ជាច្រើន​ទៀត​ដែល​បាន​ផ្គត់​ផ្គង់​ដល់​ព្រះអង្គ​ និង​ពួក​សាវក​ដោយ​ទ្រព្យ​សម្បត្ដិ​របស់​ពួកគេ។​

4. ពេល​បណ្ដាជន​ច្រើន​កុះករ​ និង​ពួក​អ្នក​នៅ​ក្រុង​ផ្សេងៗ​ប្រមូល​ផ្ដុំគ្នា​មក​ជួប​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​

5. «មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​របស់​គាត់​ ពេល​គាត់​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ត្រូវ​គេ​ដើរ​ជាន់​ ហើយ​សត្វ​លើ​អាកាស​បាន​មក​ចឹក​ស៊ី​អស់។​

6. ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម​ កាល​ដុះ​ឡើង​ នោះ​ក៏​ក្រៀម​ស្វិត​ទៅ​ ព្រោះ​គ្មាន​សំណើម​

7. គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា​ ហើយ​ក៏​ដុះ​ឡើង​ជាមួយ​បន្លា​ដែល​បាន​រួបរឹត​វា។​

8. រីឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ​ ក៏​ដុះ​ឡើង​បង្កើត​ផល​បាន​មួយ​ជា​មួយ​រយ»។​ ក្រោយពី​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​ក៏​បន្លឺ​សំឡេង​ថា៖​ «អ្នកណា​មាន​ត្រចៀក​ស្ដាប់​ ចូរ​ស្ដាប់​ចុះ!»​

9. ពួក​សិស្ស​ព្រះអង្គ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូចម្ដេច?»​

10. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អាថ៌កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​សម្រាប់​អ្នក​ដទៃ​តាមរយៈ​រឿង​ប្រៀប​ប្រដូច​វិញ​ ដើម្បី​ឲ្យ​គេ​មើល​ ប៉ុន្ដែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ ប៉ុន្ដែ​មិន​យល់។​

11. រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូច​ត​ទៅ​ គ្រាប់​ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​

12. គ្រាប់​ពូជ​លើ​ផ្លូវ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ រួច​អារក្ស​សាតាំង​ក៏​មក​ឆក់​យក​ព្រះបន្ទូល​នោះ​ពី​ចិត្ដ​របស់​ពួកគេ​ទៅ​ ដើម្បី​កុំ​ឲ្យ​ពួកគេ​ជឿ​ និង​បាន​សង្គ្រោះ​ឡើយ។​

សូមអានជំពូកពេញលេញ លូកា 8