គម្ពីរសញ្ញាថ្មី

លូកា 8:20-32 Khmer Christian Bible (KCB)

20. រួច​មាន​គេ​ទូល​ព្រះអង្គ​ថា៖​ «ម្ដាយ​ និង​បងប្អូន​របស់​លោក​កំពុង​ឈរ​នៅ​ខាង​ក្រៅ​ចង់​ជួប​លោក»។​

21. ប៉ុន្ដែ​ ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នកណា​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ហើយ​ប្រព្រឹត្តតាម​ អ្នក​នោះ​ហើយ​ជា​ម្ដាយ​ និង​ជា​បងប្អូន​របស់​ខ្ញុំ»។​

22. នៅ​ថ្ងៃ​មួយ​ ព្រះអង្គ​បាន​យាងចុះ​ទូក​ជាមួយ​ពួក​សិស្ស​ និង​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។​ ពួកគេ​ក៏​ចេញ​ទូក​ទៅ។​

23. កាល​ពួកគេ​កំពុង​ឆ្លង​ទូក​ ព្រះអង្គ​ក៏​ផ្ទំ​លក់​ នោះ​ខ្យល់​ព្យុះ​ក៏​បក់​មក​លើ​បឹង​ ហើយ​ពួកគេ​ស្ទើរតែ​លិច​ទៅ​ក្នុង​ទឹក​ ព្រមទាំង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។​

24. ពួកគេ​បាន​ចូល​មក​ជិត​ដាស់​ព្រះអង្គ​ថា៖​ «លោក​គ្រូ!​ លោក​គ្រូ!​ យើង​កំពុងតែ​វិនាស​ហើយ»​ ព្រះអង្គ​ក៏​ភ្ញាក់​ឡើង​ បន្ទោស​ខ្យល់ ​និង​ទឹក​រលក​ ហើយ​វា​ក៏​ឈប់​ រួច​ក៏​ស្ងប់​ទៅ។​

25. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ជំនឿ​របស់​អ្នក​រាល់គ្នា​នៅ​ឯណា?»​ ពួកគេ​ក៏​នឹក​អស្ចារ្យ​ ទាំង​កោតខ្លាច​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ បាន​ជា​សូម្បី​តែ​ខ្យល់​ និង​ទឹក​ស្ដាប់​បង្គាប់​លោក​ ពេល​លោក​បញ្ជា?»​

26. ពួកគេ​ក៏​ឆ្លងទូក​មក​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​ ដែល​នៅ​ទល់​មុខ​ស្រុក​កាលីឡេ។​

27. កាល​ព្រះអង្គ​ឡើង​លើ​គោក​ ក៏​បាន​ជួប​នឹង​បុរស​ម្នាក់​មកពី​ក្រុង​នោះ​ ដែល​មាន​អារក្ស​ចូល​ និង​មិន​បាន​ស្លៀក​សម្លៀក​បំពាក់​អ្វី​សោះ​អស់​រយៈពេល​យូរ​មក​ហើយ​ គាត់​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​ទេ​ គឺ​នៅ​តែ​តាម​ផ្នូរ​ខ្មោច​ប៉ុណ្ណោះ។​

28. ពេល​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​នៅ​ពី​មុខ​ព្រះអង្គ​ និង​បាន​ស្រែក​ទូល​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ខ្ញុំ​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ ខ្ញុំ​សូម​អង្វរ​ព្រះអង្គ​ កុំ​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​អី»។​

29. ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ​ ព្រោះ​វា​បាន​សណ្ឋិត​ក្នុង​គាត់​ច្រើន​លើក​ហើយ​ ដូច្នេះ​ទោះបី​គេ​យាម​គាត់​ទាំង​ដាក់​ខ្នោះ​ជើង​ និង​ដាក់​ច្រវាក់​ក៏​ដោយ​ ក៏​គាត់​នៅតែ​ផ្ដាច់​ចំណង​ទាំង​អស់​នោះ​ខ្ទេច​ ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទីរហោឋាន។​

30. ព្រះយេស៊ូ​សួរ​វា​ថា៖​ «តើ​ឯង​ឈ្មោះ​អ្វី?»​ វា​ក៏​ឆ្លើយ​ថា៖​ «កង​ទ័ព»​ ព្រោះ​មាន​អារក្ស​ច្រើន​បាន​ចូល​ក្នុង​គាត់​

31. ហើយ​ពួកវា​បាន​អង្វរ​ព្រះអង្គ​ កុំ​ឲ្យ​ព្រះអង្គ​បង្គាប់​ពួកវា​ចេញ​ទៅ​ក្នុង​រណ្ដៅ​នរក។​

32. នៅ​ទីនោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​តែ​ស៊ី​ចំណី​លើ​ភ្នំ​ ហើយ​អារក្ស​ក៏​អង្វរ​ព្រះអង្គ​សុំ​ឲ្យ​ព្រះអង្គ​អនុញ្ញាត​ឲ្យ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ ព្រះអង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួកវា។​

សូមអានជំពូកពេញលេញ លូកា 8