គម្ពីរសញ្ញាថ្មី

លូកា 8:11-18 Khmer Christian Bible (KCB)

11. រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូច​ត​ទៅ​ គ្រាប់​ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​

12. គ្រាប់​ពូជ​លើ​ផ្លូវ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ រួច​អារក្ស​សាតាំង​ក៏​មក​ឆក់​យក​ព្រះបន្ទូល​នោះ​ពី​ចិត្ដ​របស់​ពួកគេ​ទៅ​ ដើម្បី​កុំ​ឲ្យ​ពួកគេ​ជឿ​ និង​បាន​សង្គ្រោះ​ឡើយ។​

13. គ្រាប់​ពូជ​លើ​ថ្ម​ជា​អស់​អ្នក​ដែល​នៅ​ពេល​បាន​ឮ​ព្រះបន្ទូល​ ក៏​ទទួល​យក​ដោយ​អំណរ​ តែ​អ្នក​ទាំងនេះ​គ្មាន​ឫស​ទេ​ ពួកគេ​ជឿ​បាន​តែ​មួយ​រយៈ​ ហើយ​នៅ​ពេល​មាន​សេចក្ដី​ល្បួង​ ពួកគេ​ក៏​បោះបង់​ចោល។​

14. គ្រាប់​ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ព​បន្លា​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ ប៉ុន្ដែ​ដោយសារ​តែ​សេចក្ដី​ខ្វល់ខ្វាយ​ ទ្រព្យ​សម្បត្ដិ​ ព្រមទាំង​តណ្ហា​នៃ​ជីវិត​តាម​មក​រួបរិត​ នោះ​មិន​បាន​បង្កើត​ផល​ផ្លែ​ដ៏​ល្អ​ឡើយ។​

15. គ្រាប់​ពូជ​លើ​ដី​ល្អ​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ និង​បាន​រក្សា​ទុក​ដោយ​ចិត្ដ​ល្អ​ទៀង​ត្រង់​ ហើយ​បង្កើត​ផលផ្លែ​ដោយ​សេចក្ដី​អត់ធ្មត់។​

16. គ្មាន​អ្នកណា​អុជ​ចង្កៀង​ហើយ​យក​ក្រឡ​គ្រប​ ឬ​ដាក់​នៅ​ក្រោម​គ្រែ​ទេ​ គឺ​គេ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​ពួក​អ្នក​ចូល​មក​បាន​មើល​ឃើញ​ពន្លឺ។​

17. ដ្បិត​គ្មាន​ការ​លាក់​កំបាំង​អ្វី​ដែល​នឹង​មិន​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​ និង​យក​មក​បើក​ចំហ​ដែរ។​

18. ដូច្នេះ​ចូរ​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ ដ្បិត​អ្នកណា​ដែល​មាន​ នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​ នឹង​ត្រូវ​ដកយក​ពី​អ្នក​នោះ​វិញ​ សូម្បីតែ​អ្វី​ដែល​អ្នក​នោះ​គិត​ថា​មាន​ផង»។​

សូមអានជំពូកពេញលេញ លូកា 8