គម្ពីរសញ្ញាថ្មី

លូកា 7:5-17 Khmer Christian Bible (KCB)

5. ដ្បិត​គាត់​ស្រឡាញ់​ជនជាតិ​របស់​យើង​ ព្រមទាំង​សង់​សាលា​ប្រជុំ​ឲ្យ​យើង​ផង»។​

6. ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ទៅ​ជាមួយ​ពួកគេ​ ប៉ុន្ដែ​ពេល​ព្រះអង្គ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ​ នាយ​ទាហាន​ក៏​ចាត់​ពួក​មិត្ដ​សម្លាញ់​ឲ្យ​មក​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ កុំ​ឲ្យ​រំខាន​លោក​ ព្រោះ​ខ្ញុំ​មិន​ស័ក្ដិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​

7. ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា​ ខ្លួន​ខ្ញុំ​មិន​ស័ក្តិសម​មក​ជួប​លោក​ ប៉ុន្ដែ​សូម​លោក​និយាយ​តែ​មួយ​ម៉ាត់​ចុះ​ នោះ​បាវបម្រើ​របស់​ខ្ញុំ​នឹង​ជាសះ​ស្បើយ​មិន​ខាន​

8. ដ្បិត​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ ដែល​ស្ថិត​នៅ​ក្រោម​សិទ្ធិ​អំណាច​ដែរ​ ខ្ញុំ​មាន​ទាហាន​ជាច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ បើ​ខ្ញុំ​ប្រាប់​ម្នាក់​នេះ​ឲ្យ​ទៅ​ គេ​នឹង​ទៅ​ ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក​ ហើយ​ប្រាប់​បាវបម្រើ​របស់​ខ្ញុំ​ឲ្យ​ធ្វើការ​នេះ​ គេ​ក៏​ធ្វើ»​

9. កាល​បាន​ឮ​សេចក្ដី​ទាំង​នេះ​ ព្រះយេស៊ូ​ស្ងើច​សរសើរ​គាត់​ រួច​បែរ​មក​មាន​បន្ទូល​នឹង​បណ្ដាជន​ដែល​កំពុង​ដើរ​តាម​ព្រះអង្គ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​អ៊ីស្រាអែល​ ខ្ញុំ​មិន​ដែល​ឃើញ​ជំនឿ​ខ្លាំង​បែបនេះ​ទេ»។​

10. ពួក​អ្នក​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​មក​ ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ ហើយ​បាន​ឃើញ​បាវបម្រើ​នោះ​មាន​សុខភាព​ល្អ។​

11. នៅ​ថ្ងៃ​បន្ទាប់​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​មួយ​ឈ្មោះ​ណាអ៊ីន​ ហើយ​មាន​សិស្ស​របស់​ព្រះអង្គ​ និង​បណ្ដាជន​ច្រើន​កុះករ​បាន​រួម​ដំណើរ​ជាមួយ​ព្រះអង្គ។​

12. ពេល​ព្រះអង្គ​មក​ជិត​ដល់​ទ្វារ​ក្រុង​ មាន​គេ​សែង​សព​មនុស្ស​ម្នាក់​ចេញ​មក​ ដែល​ជា​កូន​ប្រុស​ទោល​ស្ដ្រី​មេម៉ាយ​ម្នាក់​ និង​មាន​អ្នក​ក្រុង​នោះ​ច្រើន​កុះករ​បាន​នៅ​ជាមួយ​ស្ដ្រី​នោះ។​

13. កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​

14. រួច​ព្រះអង្គ​ក៏​ចូល​មក​ពាល់​ក្ដារ​មឈូស​ ឯ​ពួក​អ្នក​កំពុង​សែង​បាន​ឈរ​នៅ​ទ្រឹង​ ហើយ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​កំលោះ​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​ ចូរ​ក្រោក​ឡើង»។​

15. បុរស​នោះ​ក៏​ក្រោក​អង្គុយ​ ហើយ​ចាប់​ផ្ដើម​និយាយ​ រួច​ព្រះអង្គ​បាន​ប្រគល់​អ្នក​កំលោះ​នោះ​ឲ្យ​ម្ដាយ​របស់​គាត់​វិញ​

16. ហើយ​មនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដី​កោតខ្លាច​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «មាន​អ្នក​នាំ​ព្រះបន្ទូល​ដ៏​ធំ​ម្នាក់​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង​ហើយ»​ ហើយ​ពួកគេ​និយាយ​ទៀត​ថា៖​ «ព្រះជាម្ចាស់​បាន​មក​មើល​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។​

17. ដំណឹង​អំពី​ព្រះអង្គ​នេះ​បាន​ឮ​សុស​សាយ​នៅ​ក្នុង​ស្រុក​យូដា​ទាំងមូល​ និង​តំបន់​ទាំង​អស់​នៅ​ជុំវិញ​នោះ។​

សូមអានជំពូកពេញលេញ លូកា 7