3. កាលបានឮអំពីព្រះយេស៊ូ នាយទាហាននោះក៏ចាត់ពួកចាស់ទុំនៃជនជាតិយូដាមកអង្វរព្រះអង្គដើម្បីឲ្យព្រះអង្គយាងមកប្រោសបាវបម្រើរបស់គាត់ឲ្យជា។
4. អ្នកទាំងនោះក៏មកឯព្រះយេស៊ូ ហើយបានអង្វរព្រះអង្គយ៉ាងទទូចថា៖ «គាត់ស័ក្ដិសមទទួលការប្រោសប្រណីពីលោកណាស់
5. ដ្បិតគាត់ស្រឡាញ់ជនជាតិរបស់យើង ព្រមទាំងសង់សាលាប្រជុំឲ្យយើងផង»។
6. ដូច្នេះព្រះយេស៊ូក៏យាងទៅជាមួយពួកគេ ប៉ុន្ដែពេលព្រះអង្គនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះ នាយទាហានក៏ចាត់ពួកមិត្ដសម្លាញ់ឲ្យមកទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! កុំឲ្យរំខានលោក ព្រោះខ្ញុំមិនស័ក្ដិសមឲ្យលោកមកក្នុងផ្ទះរបស់ខ្ញុំទេ
7. ដូច្នេះហើយបានជាខ្ញុំគិតថា ខ្លួនខ្ញុំមិនស័ក្តិសមមកជួបលោក ប៉ុន្ដែសូមលោកនិយាយតែមួយម៉ាត់ចុះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន
8. ដ្បិតខ្ញុំជាមនុស្សម្នាក់ ដែលស្ថិតនៅក្រោមសិទ្ធិអំណាចដែរ ខ្ញុំមានទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំ បើខ្ញុំប្រាប់ម្នាក់នេះឲ្យទៅ គេនឹងទៅ ប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក ហើយប្រាប់បាវបម្រើរបស់ខ្ញុំឲ្យធ្វើការនេះ គេក៏ធ្វើ»
9. កាលបានឮសេចក្ដីទាំងនេះ ព្រះយេស៊ូស្ងើចសរសើរគាត់ រួចបែរមកមានបន្ទូលនឹងបណ្ដាជនដែលកំពុងដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះទេ»។
10. ពួកអ្នកដែលត្រូវបានចាត់ឲ្យមក ក៏ត្រលប់ទៅផ្ទះវិញ ហើយបានឃើញបាវបម្រើនោះមានសុខភាពល្អ។
11. នៅថ្ងៃបន្ទាប់នោះ ព្រះអង្គបានយាងទៅក្រុងមួយឈ្មោះណាអ៊ីន ហើយមានសិស្សរបស់ព្រះអង្គ និងបណ្ដាជនច្រើនកុះករបានរួមដំណើរជាមួយព្រះអង្គ។
12. ពេលព្រះអង្គមកជិតដល់ទ្វារក្រុង មានគេសែងសពមនុស្សម្នាក់ចេញមក ដែលជាកូនប្រុសទោលស្ដ្រីមេម៉ាយម្នាក់ និងមានអ្នកក្រុងនោះច្រើនកុះករបាននៅជាមួយស្ដ្រីនោះ។