គម្ពីរសញ្ញាថ្មី

លូកា 7:27-44 Khmer Christian Bible (KCB)

27. ដ្បិត​អ្នក​នេះ​ហើយ​ដែល​មាន​សេចក្ដី​ចែងទុក​អំពី​គាត់​ថា​ មើល៍​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដែល​ជា​អ្នក​រៀបចំ​ដំណើរ​របស់​អ្នក​ជាមុន។​

28. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​កើត​ពី​ស្ដ្រី​មក​ គ្មាន​អ្នកណា​វិសេស​ជាង​លោក​យ៉ូហាន​ទេ​ ប៉ុន្ដែ​អ្នក​តូច​ជាង​គេ​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់​វិសេស​ជាង​គាត់​ទៅ​ទៀត»។​

29. ពេល​ប្រជាជន​ទាំង​អស់​ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធដារ​បាន​ស្ដាប់​ឮ​ហើយ​ ក៏​ទទួល​ស្គាល់​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ ព្រោះ​ពួកគេ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​

30. ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ជំនាញ​ច្បាប់​បាន​ច្រាន​ចោល​បំណង​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកគេ​ ព្រោះ​ពួកគេ​មិន​ទទួល​ពិធី​ជ្រមុជ​ទឹក​តាមរយៈ​លោក​យ៉ូហាន​ទេ។​

31. «ដូច្នេះ​តើ​ឲ្យ​ខ្ញុំ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី​ ហើយ​ពួកគេ​ប្រៀប​បាន​នឹង​មនុស្ស​បែប​ណា?​

32. ពួកគេ​ប្រៀប​បាន​ដូចជា​ក្មេងៗ​ដែល​អង្គុយ​នៅ​ផ្សារ​ស្រែក​ទៅ​ពួក​គ្នា​វា​ថា​ យើង​ផ្លុំ​ខ្លុយ​ឲ្យ​ពួកឯង​ តែ​ពួកឯង​មិន​រាំ​ទេ​ ហើយ​យើង​ស្មូត្រ​ តែ​ពួកឯង​មិន​យំ​សោក​សោះ​

33. ដ្បិត​លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​មក​ ទាំង​មិន​បរិភោគ​អាហារ​ មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ តែ​អ្នក​រាល់គ្នា​និយាយ​ថា​ គាត់​មាន​អារក្ស​ចូល​

34. ឯ​កូន​មនុស្ស​បាន​មក​ទាំង​បរិភោគ​ និង​ផឹក​ តែ​អ្នក​រាល់គ្នា​និយាយ​ថា​ មើល៍​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី​ ល្មោភ​ផឹក​ ជា​មិត្ត​របស់​ពួក​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប​

35. ប៉ុន្ដែ​ប្រាជ្ញា​ត្រូវ​បាន​បញ្ជាក់​ថា​ត្រឹមត្រូវ​ដោយសារ​ផល​ផ្លែ​វា​ទាំង​អស់»។​

36. មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​អញ្ជើញ​ព្រះយេស៊ូ​ឲ្យ​មក​បរិភោគ​ជាមួយ​ ពេល​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​នោះ​ហើយ​ ព្រះអង្គ​ក៏​អង្គុយ​នៅ​តុ​អាហារ។​

37. ហើយ​មើល៍​ នៅ​ក្រុង​នោះ​មាន​ស្ដ្រី​ម្នាក់​ជា​មនុស្ស​បាប​ ហើយ​កាល​បាន​ដឹង​ថា​ ព្រះយេស៊ូ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ នាង​ក៏​យក​ប្រេង​ក្រអូប​មួយ​ដប​មក​

38. និង​បាន​ឈរ​ពី​ខាង​ក្រោយ​ទាំង​យំ​នៅ​ទៀប​បាទា​ព្រះអង្គ​ នាង​ចាប់ផ្ដើម​សម្រក់​ទឹក​ភ្នែក​លើ​បាទា​ព្រះអង្គ​ និង​យក​សក់​របស់​នាង​ជូត​ ហើយ​ក៏​ថើប​បាទា​ព្រះអង្គ​ ទាំង​លាប​ប្រេង​ក្រអូប​ឲ្យ​ផង។​

39. កាល​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ​ ក៏​គិត​ក្នុង​ចិត្ដ​ថា៖​ «បើ​លោក​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​មែន​លោក​មុខ​ជា​ដឹង​ថា​ ស្ដ្រី​ដែល​កំពុង​ពាល់​លោក​ជា​នរណា​ និង​ជា​ស្ដ្រី​បែបណា​ហើយ​ ព្រោះ​នាង​ជា​មនុស្ស​បាប»។​

40. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ!​ ខ្ញុំ​មាន​រឿង​មួយ​ប្រាប់​អ្នក»។​ គាត់​ទូល​ថា៖​ «សូម​លោក​គ្រូ​និយាយ​មក​ចុះ»។​

41. «មាន​កូន​បំណុល​ពីរ​នាក់​ជំពាក់​អ្នក​ចង​ការ​ប្រាក់​ម្នាក់​ គឺ​ម្នាក់​ជំពាក់​ប្រាំ​រយ​ឌេណារី​ ហើយ​ម្នាក់​ទៀត​ហាសិប​ឌេណារី​

42. ពេល​ពួកគេ​គ្មាន​អ្វី​សង​ អ្នក​ចងការ​ក៏​លើក​លែង​ឲ្យ​ទាំង​ពីរ​នាក់។​ ដូច្នេះ​តើ​ក្នុង​ចំណោម​ពីរ​នាក់​នេះ​ អ្នកណា​ស្រឡាញ់​គាត់​ច្រើន​ជាង?»​

43. លោក​ស៊ីម៉ូន​ក៏​ទូល​តប​ថា៖​ «ខ្ញុំ​គិត​ថា​ គឺ​អ្នក​ដែល​គាត់​បាន​លើកលែង​ច្រើន!»​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​វិនិច្ឆ័យ​ត្រូវ​ណាស់»​

44. ពេល​បែរ​ទៅ​រក​ស្ដ្រី​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «តើ​អ្នក​ឃើញ​ស្ដ្រី​នេះ​ទេ!​ ពេល​ខ្ញុំ​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​ខ្ញុំ​លាង​ជើង​ទេ​ ផ្ទុយ​ទៅ​វិញ​ នាង​បាន​សម្រក់​ទឹក​ភ្នែក​លាង​ជើង​ឲ្យ​ខ្ញុំ​ និង​បាន​យក​សក់​របស់​នាង​ជូត​ជើង​ខ្ញុំ។​

សូមអានជំពូកពេញលេញ លូកា 7