20. កាលពួកគេមកដល់ ក៏ទូលសួរព្រះអង្គថា៖ «លោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកបានចាត់យើងឲ្យមកសួរលោកថា តើលោកជាព្រះមួយអង្គដែលត្រូវយាងមក ឬយើងត្រូវរង់ចាំមួយអង្គទៀត?»
21. នៅពេលនោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជាពីជំងឺរោគាផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយ ហើយបានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យមើលឃើញ។
22. ព្រះអង្គមានបន្ទូលឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នករាល់គ្នាបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានស្ដាប់ឮ មនុស្សស្លាប់បានរស់វិញ ហើយអ្នកក្របានឮដំណឹងល្អ
23. អ្នកដែលមិនរវាតចិត្តពីខ្ញុំ មានពរហើយ»។
24. ពេលអ្នកនាំសារឲ្យលោកយ៉ូហានចាកចេញទៅ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោឋាន? មើលដើមត្រែងដែលត្រូវខ្យល់បក់ឬ?
25. តើអ្នករាល់គ្នាចេញទៅមើលអ្វី? មើលបុរសម្នាក់ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់រុងរឿង ហើយរស់នៅក្នុងភាពហ៊ឺហា គឺនៅឯដំណាក់ស្ដេចឯណោះ។
26. ដូច្នេះតើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត
27. ដ្បិតអ្នកនេះហើយដែលមានសេចក្ដីចែងទុកអំពីគាត់ថា មើល៍ យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដែលជាអ្នករៀបចំដំណើររបស់អ្នកជាមុន។
28. ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សដែលកើតពីស្ដ្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហានទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរព្រះជាម្ចាស់វិសេសជាងគាត់ទៅទៀត»។
29. ពេលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធដារបានស្ដាប់ឮហើយ ក៏ទទួលស្គាល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ព្រោះពួកគេបានទទួលពិធីជ្រមុជទឹករបស់លោកយ៉ូហាន
30. ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកជំនាញច្បាប់បានច្រានចោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ព្រោះពួកគេមិនទទួលពិធីជ្រមុជទឹកតាមរយៈលោកយ៉ូហានទេ។
31. «ដូច្នេះតើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី ហើយពួកគេប្រៀបបាននឹងមនុស្សបែបណា?