16. ហើយមនុស្សគ្រប់គ្នាក៏មានសេចក្ដីកោតខ្លាច ទាំងសរសើរតម្កើងព្រះជាម្ចាស់ថា៖ «មានអ្នកនាំព្រះបន្ទូលដ៏ធំម្នាក់បានលេចឡើងក្នុងចំណោមយើងហើយ» ហើយពួកគេនិយាយទៀតថា៖ «ព្រះជាម្ចាស់បានមកមើលប្រជារាស្ដ្ររបស់ព្រះអង្គហើយ»។
17. ដំណឹងអំពីព្រះអង្គនេះបានឮសុសសាយនៅក្នុងស្រុកយូដាទាំងមូល និងតំបន់ទាំងអស់នៅជុំវិញនោះ។
18. ហើយពួកសិស្សរបស់លោកយ៉ូហានបានប្រាប់លោកយ៉ូហានអំពីការទាំងអស់នេះ គាត់ក៏ហៅសិស្សពីរនាក់ក្នុងចំណោមពួកសិស្សរបស់គាត់មក
19. រួចបានចាត់ពួកគេឲ្យទៅទូលសួរព្រះយេស៊ូថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬក៏យើងត្រូវទន្ទឹងចាំព្រះមួយអង្គទៀត?»
20. កាលពួកគេមកដល់ ក៏ទូលសួរព្រះអង្គថា៖ «លោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកបានចាត់យើងឲ្យមកសួរលោកថា តើលោកជាព្រះមួយអង្គដែលត្រូវយាងមក ឬយើងត្រូវរង់ចាំមួយអង្គទៀត?»
21. នៅពេលនោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជាពីជំងឺរោគាផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយ ហើយបានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យមើលឃើញ។
22. ព្រះអង្គមានបន្ទូលឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នករាល់គ្នាបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានស្ដាប់ឮ មនុស្សស្លាប់បានរស់វិញ ហើយអ្នកក្របានឮដំណឹងល្អ
23. អ្នកដែលមិនរវាតចិត្តពីខ្ញុំ មានពរហើយ»។
24. ពេលអ្នកនាំសារឲ្យលោកយ៉ូហានចាកចេញទៅ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោឋាន? មើលដើមត្រែងដែលត្រូវខ្យល់បក់ឬ?