គម្ពីរសញ្ញាថ្មី

លូកា 7:14-30 Khmer Christian Bible (KCB)

14. រួច​ព្រះអង្គ​ក៏​ចូល​មក​ពាល់​ក្ដារ​មឈូស​ ឯ​ពួក​អ្នក​កំពុង​សែង​បាន​ឈរ​នៅ​ទ្រឹង​ ហើយ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​កំលោះ​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​ ចូរ​ក្រោក​ឡើង»។​

15. បុរស​នោះ​ក៏​ក្រោក​អង្គុយ​ ហើយ​ចាប់​ផ្ដើម​និយាយ​ រួច​ព្រះអង្គ​បាន​ប្រគល់​អ្នក​កំលោះ​នោះ​ឲ្យ​ម្ដាយ​របស់​គាត់​វិញ​

16. ហើយ​មនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដី​កោតខ្លាច​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «មាន​អ្នក​នាំ​ព្រះបន្ទូល​ដ៏​ធំ​ម្នាក់​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង​ហើយ»​ ហើយ​ពួកគេ​និយាយ​ទៀត​ថា៖​ «ព្រះជាម្ចាស់​បាន​មក​មើល​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។​

17. ដំណឹង​អំពី​ព្រះអង្គ​នេះ​បាន​ឮ​សុស​សាយ​នៅ​ក្នុង​ស្រុក​យូដា​ទាំងមូល​ និង​តំបន់​ទាំង​អស់​នៅ​ជុំវិញ​នោះ។​

18. ហើយ​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ប្រាប់​លោក​យ៉ូហាន​អំពី​ការ​ទាំង​អស់​នេះ គាត់​ក៏​ហៅ​សិស្ស​ពីរ​នាក់​ក្នុង​ចំណោម​ពួក​សិស្ស​របស់​គាត់​មក​

19. រួច​បាន​ចាត់​ពួកគេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​លោក​ជា​ព្រះ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​ក៏​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​

20. កាល​ពួកគេ​មក​ដល់​ ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​ចាត់​យើង​ឲ្យ​មក​សួរ​លោក​ថា​ តើ​លោក​ជា​ព្រះ​មួយ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​យើង​ត្រូវ​រង់ចាំ​មួយ​អង្គ​ទៀត?»​

21. នៅ​ពេល​នោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យ​បាន​ជា​ពី​ជំងឺ​រោគា​ផ្សេងៗ​ និង​ពី​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ ហើយ​បាន​ប្រោស​មនុស្ស​ខ្វាក់​ជាច្រើន​ឲ្យ​មើល​ឃើញ។​

22. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​ពីរ​នោះ​ថា៖​ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ និង​បាន​ឮ​ចុះ​ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ​

23. អ្នក​ដែល​មិន​រវាត​ចិត្ត​ពី​ខ្ញុំ​ មាន​ពរ​ហើយ»។​

24. ពេល​អ្នក​នាំ​សារ​ឲ្យ​លោក​យ៉ូហាន​ចាក​ចេញ​ទៅ​ ព្រះអង្គ​ក៏​ចាប់ផ្ដើម​មាន​បន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​នៅ​ទីរហោឋាន?​ មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ?​

25. តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​? មើល​បុរស​ម្នាក់​ដែល​ស្លៀក​សម្លៀក​បំពាក់​ស្អាត​ប្រណិត​ឬ?​ នែ៎!​ អ្នក​ស្លៀក​ពាក់​រុងរឿង​ ហើយ​រស់នៅ​ក្នុង​ភាព​ហ៊ឺហា​ គឺ​នៅ​ឯ​ដំណាក់​ស្ដេច​ឯណោះ។​

26. ដូច្នេះ​តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី?​ អ្នក​នាំ​ព្រះបន្ទូល​ឬ?​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​នោះ​វិសេស​ជាង​អ្នក​នាំ​ព្រះបន្ទូល​ទៅ​ទៀត​

27. ដ្បិត​អ្នក​នេះ​ហើយ​ដែល​មាន​សេចក្ដី​ចែងទុក​អំពី​គាត់​ថា​ មើល៍​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដែល​ជា​អ្នក​រៀបចំ​ដំណើរ​របស់​អ្នក​ជាមុន។​

28. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​កើត​ពី​ស្ដ្រី​មក​ គ្មាន​អ្នកណា​វិសេស​ជាង​លោក​យ៉ូហាន​ទេ​ ប៉ុន្ដែ​អ្នក​តូច​ជាង​គេ​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់​វិសេស​ជាង​គាត់​ទៅ​ទៀត»។​

29. ពេល​ប្រជាជន​ទាំង​អស់​ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធដារ​បាន​ស្ដាប់​ឮ​ហើយ​ ក៏​ទទួល​ស្គាល់​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ ព្រោះ​ពួកគេ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​

30. ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ជំនាញ​ច្បាប់​បាន​ច្រាន​ចោល​បំណង​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកគេ​ ព្រោះ​ពួកគេ​មិន​ទទួល​ពិធី​ជ្រមុជ​ទឹក​តាមរយៈ​លោក​យ៉ូហាន​ទេ។​

សូមអានជំពូកពេញលេញ លូកា 7